1. អ្នកស្រីម៉ារាម និងលោកអើរ៉ុនមានប្រសាសន៍ជំទាស់នឹងលោកម៉ូសេ ស្ដីអំពីស្ត្រីសាសន៍គូស ដែលលោកបានយកមកធ្វើជាភរិយា។
2. អ្នកទាំងពីរមានប្រសាសន៍ថា៖ «ព្រះអម្ចាស់ពុំមែនមានព្រះបន្ទូលមកម៉ូសេតែប៉ុណ្ណោះទេ គឺព្រះអង្គមានព្រះបន្ទូលមកពួកយើងដែរ!»។ ពេលនោះ ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ឮពាក្យនេះ។
3. លោកម៉ូសេសុភាពរាបសាជាងគេបំផុត ក្នុងចំណោមមនុស្សនៅលើផែនដីនេះ។
4. រំពេចនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ លោកអើរ៉ុន និងអ្នកស្រីម៉ារាមថា៖ «ចូរអ្នកទាំងបីនាំគ្នាចេញទៅពន្លាជួបព្រះអម្ចាស់ទៅ!»។ អ្នកទាំងបីក៏ចេញទៅទាំងអស់គ្នា។
5. ព្រះអម្ចាស់យាងចុះមកជាមួយដុំពពក* ហើយគង់នៅមាត់ទ្វារពន្លា។ ព្រះអង្គហៅលោកអើរ៉ុន និងអ្នកស្រីម៉ារាម អ្នកទាំងពីរក៏ចូលទៅជិតព្រះអង្គ។
6. ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរស្ដាប់ពាក្យយើងឲ្យបានជាក់ច្បាស់! ពេលណាមានព្យាការីម្នាក់ក្នុងចំណោមអ្នករាល់គ្នា យើងជាព្រះអម្ចាស់ សម្តែងឲ្យព្យាការីនោះស្គាល់យើង តាមរយៈនិមិត្តហេតុដ៏អស្ចារ្យ យើងនិយាយទៅកាន់គេ តាមរយៈសុបិននិមិត្ត។
7. ចំណែកឯម៉ូសេ ដែលជាអ្នកបម្រើរបស់យើងវិញ មិនដូច្នោះទេ ម៉ូសេមានចិត្តស្មោះត្រង់ចំពោះកិច្ចការក្នុងដំណាក់របស់យើងទាំងមូល។
8. យើងនិយាយទៅកាន់ម៉ូសេ ដោយផ្ទាល់មាត់ យើងសម្តែងឲ្យម៉ូសេឃើញ ដោយឥតប្រើប្រស្នា ហើយម៉ូសេអាចសម្លឹងមើលមកយើងបាន។ ហេតុអ្វីបានជាអ្នកទាំងពីរមិនកោតក្រែង និយាយប្រឆាំងនឹងម៉ូសេជាអ្នកបម្រើរបស់យើងដូច្នេះ?»។
9. ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងអ្នកទាំងពីរ ហើយព្រះអង្គក៏យាងចាកចេញទៅ។
10. ពពក*ក៏រសាត់ឡើងចាកចេញពីពន្លាដែរ។ ពេលនោះ អ្នកស្រីម៉ារាមក៏កើតឃ្លង់ពេញខ្លួន មានពណ៌ដូចកប្បាស។ លោកអើរ៉ុនបែរទៅរកអ្នកស្រីម៉ារាម ឃើញគាត់កើតឃ្លង់។
11. លោកក៏ពោលទៅកាន់លោកម៉ូសេថា៖ «សូមលោកប្អូនជាម្ចាស់ មេត្តាយល់អធ្យាស្រ័យដល់យើងទាំងពីរផង។ យើងទាំងពីរបានប្រព្រឹត្តលេលា និងបានប្រព្រឹត្តអំពើបាប!
12. សូមកុំឲ្យម៉ារាមដូចកូនដែលកើតមកស្លាប់ មានស្បែករយីករយាកដូច្នេះឡើយ!»។
13. លោកម៉ូសេស្រែកអង្វរព្រះអម្ចាស់ថា៖ «ឱព្រះជាម្ចាស់អើយ សូមមេត្តាប្រោសបងម៉ារាមឲ្យជាឡើងវិញផង!»។
14. ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេវិញថា៖ «ប្រសិនបើឪពុករបស់គាត់ស្ដោះទឹកមាត់ដាក់មុខគាត់ តើគាត់ត្រូវបាក់មុខចំនួនប្រាំពីរថ្ងៃមែន ឬមិនមែន? ដូច្នេះ ចូរបណ្ដេញគាត់ឲ្យចេញទៅនៅខាងក្រៅជំរំ ចំនួនប្រាំពីរថ្ងៃ បន្ទាប់មក ទើបគាត់អាចវិលមកវិញបាន»។