5. ពួកយើងធ្លាប់បរិភោគត្រី ឥតគិតថ្លៃ នៅស្រុកអេស៊ីប ហើយពួកយើងក៏ធ្លាប់បរិភោគត្រសក់ ឪឡឹក ស្លឹកខ្ទឹម ខ្ទឹមក្រហម ខ្ទឹមសដែរ ពួកយើងនឹកម្ហូបអាហារទាំងនោះណាស់!
6. ឥឡូវនេះ ពួកយើងបាក់កម្លាំង គ្មានអ្វីបរិភោគ គឺមានតែនំម៉ាណាប៉ុណ្ណោះ!»។
7. នំម៉ាណាមានភាពដូចជាគ្រាប់ល្ង ស និងមានពណ៌ភ្លឺថ្លា។
8. ប្រជាជនតែងនាំគ្នាចេញទៅរើសនំម៉ាណានោះ យកមកកិន ឬបុកនឹងត្បាល់ រួចយកទៅស្ងោរ ឬធ្វើនំក្រៀប។ នំម៉ាណាមានរសជាតិដូចនំដែលគេចៀនជាមួយប្រេង។
9. ពេលណាសន្សើមធ្លាក់មកលើជំរំនៅវេលាយប់ នោះនំម៉ាណាក៏ធ្លាក់មកជាមួយដែរ។
10. លោកម៉ូសេបានឮប្រជាជនយំសោកនៅមាត់ទ្វារជំរំនៃអំបូររបស់គេរៀងៗខ្លួន។ ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងពួកគេយ៉ាងខ្លាំង ហើយលោកម៉ូសេក៏អាក់អន់ចិត្តដែរ។
11. លោកម៉ូសេទូលព្រះអម្ចាស់ថា៖ «ហេតុអ្វីបានជាព្រះអង្គធ្វើឲ្យទូលបង្គំពិបាកចិត្តដូច្នេះ? ហេតុអ្វីបានជាព្រះអង្គមិនអាណិតមេត្តាទូលបង្គំ? ហេតុអ្វីបានជាឲ្យទូលបង្គំទទួលបន្ទុកលើប្រជាជនទាំងនេះ?
12. តើទូលបង្គំជាអ្នកបង្កើតប្រជាជនទាំងនេះឬ តើទូលបង្គំជាឪពុករបស់ពួកគេឬ បានជាព្រះអង្គបង្គាប់ឲ្យទូលបង្គំបីបាច់ថែរក្សាពួកគេ ដូចម្ដាយថែរក្សាកូន រហូតទៅដល់ទឹកដីដែលព្រះអង្គបានសន្យាជាមួយដូនតារបស់ពួកគេថា នឹងប្រទានឲ្យពួកគេ?
13. តើទូលបង្គំទៅរកសាច់ឯណាមកឲ្យប្រជាជនទាំងនេះបរិភោគបាន? ពួកគេនាំគ្នាយំសោកដាក់ទូលបង្គំ ទទូចថា “សូមរកសាច់មកឲ្យពួកយើងបរិភោគ!”។
14. ទូលបង្គំពុំអាចមើលខុសត្រូវលើប្រជាជននេះតែម្នាក់ឯងទេ ព្រោះជាបន្ទុកធ្ងន់ពេកសម្រាប់ទូលបង្គំ។
15. ប្រសិនបើព្រះអង្គប្រព្រឹត្តចំពោះទូលបង្គំដូច្នេះ សូមមេត្តាដកជីវិតទូលបង្គំទៅ។ ប្រសិនបើព្រះអង្គគាប់ព្រះហឫទ័យនឹងទូលបង្គំ សូមកុំទុកឲ្យទូលបង្គំឃើញទុក្ខវេទនាបែបនេះឡើយ»។
16. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រមូលព្រឹទ្ធាចារ្យអ៊ីស្រាអែលចិតសិបនាក់ឲ្យមកជួបយើង គឺព្រឹទ្ធាចារ្យ និងមេដឹកនាំ ដែលអ្នកស្គាល់ច្បាស់ថាពិតជាព្រឹទ្ធាចារ្យ និងមេដឹកនាំរបស់ប្រជាជនមែន។ ចូរនាំពួកគេមកពន្លាជួបព្រះអម្ចាស់ ហើយឈរនៅទីនោះជាមួយអ្នក។
17. យើងនឹងចុះមកនិយាយជាមួយអ្នក យើងនឹងយកវិញ្ញាណដែលស្ថិតនៅក្នុងអ្នក ទៅដាក់ក្នុងពួកគេទាំងអស់គ្នា ដើម្បីឲ្យពួកគេរំលែកបន្ទុក ក្នុងការមើលខុសត្រូវលើប្រជាជនជាមួយអ្នកដែរ កុំឲ្យអ្នកទទួលបន្ទុកនេះតែម្នាក់ឯង។