26. មានព្រឹទ្ធាចារ្យពីររូប ម្នាក់ឈ្មោះអែលដាដ និងម្នាក់ទៀតឈ្មោះមីដាដ ស្ថិតនៅក្នុងជំរំ ហើយព្រះវិញ្ញាណក៏បានគង់ជាមួយលោកទាំងពីរដែរ។ លោកទាំងពីរមានឈ្មោះក្នុងបញ្ជីព្រឹទ្ធាចារ្យ តែពុំបានទៅពន្លាជួបព្រះអម្ចាស់ទេ លោកទាំងពីរនាំគ្នាថ្លែងព្រះបន្ទូលនៅក្នុងជំរំ។
27. យុវជនម្នាក់រត់ទៅជម្រាបលោកម៉ូសេថា៖ «លោកអែលដាដ និងមីដាដ កំពុងតែថ្លែងព្រះបន្ទូលនៅក្នុងជំរំ»។
28. ពេលនោះ លោកយ៉ូស្វេជាកូនរបស់លោកនូន និងជាសហការីរបស់លោកម៉ូសេ តាំងពីយុវវ័យមកមានប្រសាសន៍ថា៖ «លោកម្ចាស់ សូមឃាត់លោកទាំងពីរទៅ!»។
29. លោកម៉ូសេតបថា៖ «តើអ្នកមានចិត្តច្រណែនជំនួសខ្ញុំឬ? សូមឲ្យប្រជារាស្ត្ររបស់ព្រះអម្ចាស់ទៅជាព្យាការីទាំងអស់គ្នា។ សូមព្រះអម្ចាស់ប្រទានព្រះវិញ្ញាណរបស់ព្រះអង្គ ឲ្យមកសណ្ឋិតលើពួកគេទាំងអស់គ្នា!»។
30. បន្ទាប់មក លោកម៉ូសេ និងពួកព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែល នាំគ្នាវិលត្រឡប់ទៅជំរំវិញ។
31. ព្រះអម្ចាស់ធ្វើឲ្យខ្យល់បក់ពីសមុទ្រ នាំសត្វក្រួចឲ្យមកធ្លាក់លើជំរំ។ សត្វក្រួចទាំងនោះមានពាសពេញជុំវិញជំរំ ចម្ងាយផ្លូវដើរប្រមាណមួយថ្ងៃ ហើយគរពីលើគ្នា កំពស់ប្រមាណពីរហត្ថ។