ជន‌គណនា 10:6-22 Khmer Standard Version (KHSV)

6. ពេល​ណា​អ្នក​រាល់​គ្នា​ផ្លុំ​ត្រែ​យ៉ាង​រន្ថាន់​លើក​ទី​ពីរ នោះ​អស់​អ្នក​ដែល​បោះ​ជំរំ​នៅ​ប៉ែក​ខាង​ត្បូង​ត្រូវ​នាំ​គ្នា​ចេញ​ដំណើរ។ ត្រូវ​ផ្លុំ​ត្រែ​យ៉ាង​រន្ថាន់​ជា​សញ្ញា​ចេញ​ដំណើរ។

7. នៅ​ពេល​ប្រមូល​ផ្ដុំ​អង្គ​ប្រជុំ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ផ្លុំ​ត្រែ​ដែរ តែ​ផ្លុំ​យ៉ាង​វែង។

8. ពួក​បូជា‌ចារ្យ​ជា​កូន​ចៅ​របស់​លោក​អើរ៉ុន ជា​អ្នក​ផ្លុំ​ត្រែ។ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​តាម​គ្រប់​ជំនាន់​រហូត​ត​ទៅ។

9. ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា នៅ​ពេល​អ្នក​រាល់​គ្នា​ចេញ​ទៅ​ច្បាំង​នឹង​បច្ចា‌មិត្ត​ដែល​មក​ឈ្លាន‌ពាន​អ្នក​រាល់​គ្នា ត្រូវ​ផ្លុំ​ត្រែ​យ៉ាង​រន្ថាន់ ដើម្បី​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នឹក​ដល់​អ្នក​រាល់​គ្នា ហើយ​សង្គ្រោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ។

10. នៅ​ថ្ងៃ​អ្នក​រាល់​គ្នា​ធ្វើ​បុណ្យ​យ៉ាង​សប្បាយ បុណ្យ​ដ៏​សំខាន់ៗ និង​បុណ្យ​ចូល​ខែ​ថ្មី នោះ​ត្រូវ​ផ្លុំ​ត្រែ​នៅ​ពេល​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព ដើម្បី​ឲ្យ​ព្រះ​របស់​អ្នក​រាល់​គ្នា នឹក​ដល់​អ្នក​រាល់​គ្នា។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។

11. នៅ​ឆ្នាំ​ទី​ពីរ ខែ​ទី​ពីរ ថ្ងៃ​ទី​ម្ភៃ ពពក*​បាន​អណ្ដែត​ឡើង​ពី​ព្រះ‌ពន្លា​នៃ​សន្ធិ‌សញ្ញា។

12. ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​នាំ​គ្នា​ចាក​ចេញ​ពី​វាល​រហោ‌ស្ថាន​ស៊ីណៃ តាម​លំដាប់‌លំដោយ ដែល​កំណត់​ទុក​ស្ដី​អំពី​ការ​ចេញ​ដំណើរ​នេះ។ ពពក​ឈប់​នៅ​វាល​រហោ‌ស្ថាន​ប៉ារ៉ាន។

13. ពួក​គេ​ចេញ​ដំណើរ​ជា​លើក​ទី​មួយ​នេះ តាម​បញ្ជា​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។

14. ទង់​សញ្ញា​នៃ​ជំរំ​យូដា​ចេញ​ដំណើរ​មុន​គេ​ជា​មួយ​កង‌ទ័ព​របស់​ខ្លួន ដែល​មាន​កង‌ពល​យូដា ដឹក​នាំ​ដោយ​លោក​ណាសូន ជា​កូន​របស់​លោក​អមីណា‌ដាប់

15. កង‌ពល​របស់​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ ដឹក​នាំ​ដោយ​លោក​នេថា‌នេល ជា​កូន​របស់​លោក​ស៊ូហារ

16. និង​កង‌ពល​របស់​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន ដឹក​នាំ​ដោយ​លោក​អេលាប ជា​កូន​របស់​លោក​ហេឡូន។

17. គេ​បាន​រើ​ព្រះ‌ពន្លា ហើយ​កូន​ចៅ​គើសុន និង​កូន​ចៅ​ម៉្រារី នាំ​គ្នា​សែង​ព្រះ‌ពន្លា​នោះ​ចេញ​ដំណើរ​ទៅ។

18. បន្ទាប់​មក ទង់​សញ្ញា​នៃ​ជំរំ​រូបេន​ចេញ​ដំណើរ​ជា​មួយ​កង‌ទ័ព​របស់​ខ្លួន ដែល​មាន​កង‌ពល​រូបេន ដឹក​នាំ​ដោយ​លោក​អេលី‌ស៊ើរ ជា​កូន​របស់​លោក​សេដេ‌អ៊ើរ

19. កង‌ពល​របស់​កុល‌សម្ព័ន្ធ​ស៊ីម្មាន ដឹក​នាំ​ដោយ​លោក​ស៊្លូ‌មាល ជា​កូន​របស់​លោក​ស៊ូរី‌សាដាយ

20. និង​កង‌ពល​របស់​កុល‌សម្ព័ន្ធ​កាដ ដឹក​នាំ​ដោយ​លោក​អេលា‌សាប់ ជា​កូន​របស់​លោក​ដេអ៊ូ‌អែល។

21. បន្ទាប់​មក កូន​ចៅ​កេហាត់​ចេញ​ដំណើរ​ទៅ ទាំង​សែង​ទី‌សក្ការៈ​ទៅ​ជា​មួយ​ផង។ ពួក​លេវី​ឯ​ទៀតៗ​ត្រូវ​ដំឡើង​ព្រះ‌ពន្លា​មុន​ពួក​គេ​ទៅ​ដល់។

22. បន្ទាប់​មក​ទៀត ទង់​សញ្ញា​នៃ​ជំរំ​អេប្រាអ៊ីម​ចេញ​ដំណើរ​ជា​មួយ​កង‌ទ័ព​របស់​ខ្លួន ដែល​មាន​កង‌ពល​អេប្រាអ៊ីម ដឹក​នាំ​ដោយ​លោក​អេលី‌សាម៉ា ជា​កូន​របស់​លោក​អាំមី‌ហ៊ូដ

ជន‌គណនា 10