10. នៅថ្ងៃអ្នករាល់គ្នាធ្វើបុណ្យយ៉ាងសប្បាយ បុណ្យដ៏សំខាន់ៗ និងបុណ្យចូលខែថ្មី នោះត្រូវផ្លុំត្រែនៅពេលថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព ដើម្បីឲ្យព្រះរបស់អ្នករាល់គ្នា នឹកដល់អ្នករាល់គ្នា។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា»។
11. នៅឆ្នាំទីពីរ ខែទីពីរ ថ្ងៃទីម្ភៃ ពពក*បានអណ្ដែតឡើងពីព្រះពន្លានៃសន្ធិសញ្ញា។
12. ជនជាតិអ៊ីស្រាអែលក៏នាំគ្នាចាកចេញពីវាលរហោស្ថានស៊ីណៃ តាមលំដាប់លំដោយ ដែលកំណត់ទុកស្ដីអំពីការចេញដំណើរនេះ។ ពពកឈប់នៅវាលរហោស្ថានប៉ារ៉ាន។
13. ពួកគេចេញដំណើរជាលើកទីមួយនេះ តាមបញ្ជាដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
14. ទង់សញ្ញានៃជំរំយូដាចេញដំណើរមុនគេជាមួយកងទ័ពរបស់ខ្លួន ដែលមានកងពលយូដា ដឹកនាំដោយលោកណាសូន ជាកូនរបស់លោកអមីណាដាប់
15. កងពលរបស់កុលសម្ព័ន្ធអ៊ីសាខារ ដឹកនាំដោយលោកនេថានេល ជាកូនរបស់លោកស៊ូហារ
16. និងកងពលរបស់កុលសម្ព័ន្ធសាប់យូឡូន ដឹកនាំដោយលោកអេលាប ជាកូនរបស់លោកហេឡូន។
17. គេបានរើព្រះពន្លា ហើយកូនចៅគើសុន និងកូនចៅម៉្រារី នាំគ្នាសែងព្រះពន្លានោះចេញដំណើរទៅ។
18. បន្ទាប់មក ទង់សញ្ញានៃជំរំរូបេនចេញដំណើរជាមួយកងទ័ពរបស់ខ្លួន ដែលមានកងពលរូបេន ដឹកនាំដោយលោកអេលីស៊ើរ ជាកូនរបស់លោកសេដេអ៊ើរ