1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
2. «ចូរធ្វើត្រែពីរអំពីប្រាក់ដែលមានក្បាច់រចនា។ ត្រែទាំងពីរនេះប្រើសម្រាប់កោះហៅសហគមន៍ឲ្យជួបជុំគ្នា និងប្រកាសរើជំរំចេញដំណើរ។
3. ពេលណាគេផ្លុំត្រែ សហគមន៍ទាំងមូលត្រូវប្រមូលគ្នានៅជុំវិញអ្នក ត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។
4. ប្រសិនបើគេផ្លុំត្រែមួយ ពួកមេដឹកនាំ និងពួកមេទ័ពរបស់ជនជាតិអ៊ីស្រាអែល ត្រូវប្រមូលគ្នានៅជុំវិញអ្នក។
5. ពេលណាអ្នករាល់គ្នាផ្លុំត្រែយ៉ាងរន្ថាន់ នោះអស់អ្នកដែលបោះជំរំនៅប៉ែកខាងកើត ត្រូវនាំគ្នាចេញដំណើរ។
6. ពេលណាអ្នករាល់គ្នាផ្លុំត្រែយ៉ាងរន្ថាន់លើកទីពីរ នោះអស់អ្នកដែលបោះជំរំនៅប៉ែកខាងត្បូងត្រូវនាំគ្នាចេញដំណើរ។ ត្រូវផ្លុំត្រែយ៉ាងរន្ថាន់ជាសញ្ញាចេញដំណើរ។
7. នៅពេលប្រមូលផ្ដុំអង្គប្រជុំ អ្នករាល់គ្នាក៏ត្រូវផ្លុំត្រែដែរ តែផ្លុំយ៉ាងវែង។
8. ពួកបូជាចារ្យជាកូនចៅរបស់លោកអើរ៉ុន ជាអ្នកផ្លុំត្រែ។ នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវធ្វើតាមគ្រប់ជំនាន់រហូតតទៅ។
9. ក្នុងស្រុករបស់អ្នករាល់គ្នា នៅពេលអ្នករាល់គ្នាចេញទៅច្បាំងនឹងបច្ចាមិត្តដែលមកឈ្លានពានអ្នករាល់គ្នា ត្រូវផ្លុំត្រែយ៉ាងរន្ថាន់ ដើម្បីឲ្យព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នឹកដល់អ្នករាល់គ្នា ហើយសង្គ្រោះអ្នករាល់គ្នាឲ្យរួចពីខ្មាំងសត្រូវ។
10. នៅថ្ងៃអ្នករាល់គ្នាធ្វើបុណ្យយ៉ាងសប្បាយ បុណ្យដ៏សំខាន់ៗ និងបុណ្យចូលខែថ្មី នោះត្រូវផ្លុំត្រែនៅពេលថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព ដើម្បីឲ្យព្រះរបស់អ្នករាល់គ្នា នឹកដល់អ្នករាល់គ្នា។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា»។
11. នៅឆ្នាំទីពីរ ខែទីពីរ ថ្ងៃទីម្ភៃ ពពក*បានអណ្ដែតឡើងពីព្រះពន្លានៃសន្ធិសញ្ញា។
12. ជនជាតិអ៊ីស្រាអែលក៏នាំគ្នាចាកចេញពីវាលរហោស្ថានស៊ីណៃ តាមលំដាប់លំដោយ ដែលកំណត់ទុកស្ដីអំពីការចេញដំណើរនេះ។ ពពកឈប់នៅវាលរហោស្ថានប៉ារ៉ាន។
13. ពួកគេចេញដំណើរជាលើកទីមួយនេះ តាមបញ្ជាដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
14. ទង់សញ្ញានៃជំរំយូដាចេញដំណើរមុនគេជាមួយកងទ័ពរបស់ខ្លួន ដែលមានកងពលយូដា ដឹកនាំដោយលោកណាសូន ជាកូនរបស់លោកអមីណាដាប់
15. កងពលរបស់កុលសម្ព័ន្ធអ៊ីសាខារ ដឹកនាំដោយលោកនេថានេល ជាកូនរបស់លោកស៊ូហារ
16. និងកងពលរបស់កុលសម្ព័ន្ធសាប់យូឡូន ដឹកនាំដោយលោកអេលាប ជាកូនរបស់លោកហេឡូន។