41. លោកអប៊ីម៉ាឡេកទៅស្នាក់នៅភូមិអារូម៉ា ចំណែកលោកសេប៊ូលវិញ គាត់ដេញលោកកាអាល និងបងប្អូនរបស់គេ ចេញពីស៊ីគែម មិនឲ្យគេនៅក្នុងក្រុងនោះឡើយ។
42. លុះស្អែកឡើង លោកអប៊ីម៉ាឡេក បានទទួលដំណឹងថា អ្នកក្រុងស៊ីគែមរៀបចំខ្លួនចេញទៅវាល។
43. គាត់ក៏ប្រមូលទាហានរបស់គាត់មក ចែកគេជាបីក្រុម ហើយឲ្យទៅបង្កប់ខ្លួននៅតាមវាល។ ពេលគាត់ឃើញអ្នកក្រុងស៊ីគែមចេញពីទីក្រុងមក គាត់ក៏ស្ទុះទៅវាយប្រហារពួកគេភ្លាម។
44. លោកអប៊ីម៉ាឡេក និងក្រុមដែលនៅជាមួយគាត់ នាំគ្នាទៅស្ទាក់នៅមាត់ទ្វារក្រុង ក្នុងពេលដែលក្រុមពីរទៀតកំពុងតែដេញប្រហារជីវិតអស់អ្នកដែលនៅតាមវាល។
45. លោកអប៊ីម៉ាឡេកវាយទីក្រុងពេញមួយថ្ងៃ ទើបដណ្ដើមយកទីក្រុងបាន។ គាត់សម្លាប់ប្រជាជននៅក្នុងទីក្រុង ហើយបំផ្លាញទីក្រុង ព្រមទាំងបាចអំបិលទៀតផង។
46. នៅពេលឮដំណឹងនេះ ពួកអ្នកមុខអ្នកការទាំងប៉ុន្មាន ដែលស្ថិតនៅក្នុងប៉មស៊ីគែម នាំគ្នាទៅជ្រកនៅក្នុងគុហា ដែលនៅក្រោមវិហារព្រះបេរីត។
47. លោកអប៊ីម៉ាឡេកបានទទួលដំណឹងថា ពួកគេប្រមូលផ្ដុំគ្នានៅទីនោះ
48. គាត់ក៏ឡើងទៅលើភ្នំសាល់ម៉ូន ជាមួយទាហានរបស់គាត់។ គាត់យកពូថៅទៅកាប់មែកឈើមួយ រួចលើកលី ទាំងបង្គាប់ទៅទាហានរបស់គាត់ថា៖ «ចូរធ្វើតាមខ្ញុំជាប្រញាប់!»។
49. ពួកទាហានក៏កាប់មែកឈើម្នាក់មួយមែកៗ ហើយលីទៅតាមលោកអប៊ីម៉ាឡេក។ ពួកគេយកមែកឈើទាំងនោះទៅគរនៅមាត់គុហា រួចដុតភ្លើងបញ្ឆេះគុហា ព្រមទាំងមនុស្សដែលនៅក្នុងនោះផង។ អស់អ្នកដែលនៅក្នុងប៉មស៊ីគែម បានស្លាប់បែបនេះឯង ពួកគេទាំងប្រុសទាំងស្រីមានចំនួនប្រមាណមួយពាន់នាក់។
50. ក្រោយមក លោកអប៊ីម៉ាឡេកទៅក្រុងថេបេស គាត់ឡោមព័ទ្ធក្រុងនោះ ហើយដណ្ដើមយកបាន។
51. នៅកណ្ដាលក្រុងនោះ មានប៉មមួយយ៉ាងមាំ ប្រជាជនទាំងប្រុសទាំងស្រី និងអ្នកមុខអ្នកការទាំងប៉ុន្មាននៅក្រុងនោះ នាំគ្នាទៅជ្រកក្នុងប៉មនោះ។ ពួកគេបិទទ្វារយ៉ាងជិត រួចនាំគ្នាឡើងទៅលើកំពូល។