29. ប្រសិនបើមានគេប្រគល់ប្រជាជននៅស៊ីគែមនេះមកឲ្យខ្ញុំត្រួតត្រា ខ្ញុំនឹងផ្តួលអប៊ីម៉ាឡេកជាមិនខាន»។ បន្ទាប់មក លោកកាអាលក៏ស្រែកថា៖ «អប៊ីម៉ាឡេកអើយ ចូរប្រមូលកងទ័ពរបស់ឯង ចេញមកប្រយុទ្ធជាមួយនឹងយើង!»។
30. កាលលោកសេប៊ូល ជាចៅហ្វាយក្រុង បានឮពាក្យដែលលោកកាអាល ជាកូនរបស់លោកអេបេដ និយាយគាត់ខឹងយ៉ាងខ្លាំង។
31. គាត់ក៏ចាត់អ្នកនាំសារឲ្យទៅជាសម្ងាត់ ប្រាប់លោកអប៊ីម៉ាឡេកថា៖ «កាអាល ជាកូនរបស់លោកអេបេដ ព្រមទាំងបងប្អូនរបស់គេទើបនឹងមកដល់ស៊ីគែម ហើយកំពុងតែញុះញង់អ្នកក្រុងឲ្យប្រឆាំងនឹងលោក។
32. ដូច្នេះ នៅយប់នេះ សូមលោកចេញទៅបង្កប់ខ្លួននៅឯស្រុកស្រែ ជាមួយទាហានរបស់លោកទៅ។
33. ស្អែកឡើង ពេលថ្ងៃរះ សឹមវាយសម្រុកចូលទីក្រុង។ នៅពេលកាអាល និងបក្សពួករបស់គេចេញទៅតទល់នឹងលោកនោះ លោកអាចប្រព្រឹត្តចំពោះពួកគេតាមតែលោកយល់ឃើញទៅចុះ»។
34. លោកអប៊ីម៉ាឡេក និងទាហានទាំងប៉ុន្មានដែលនៅជាមួយគាត់ ក្រោកឡើងទាំងយប់ ចែកគ្នាជាបួនក្រុម រួចទៅបង្កប់ខ្លួននៅក្បែរស៊ីគែម។
35. ពេលនោះ លោកកាអាល ជាកូនរបស់លោកអេបេដ ក៏ចេញទៅឈរនៅមាត់ទ្វារទីក្រុង។ រីឯលោកអប៊ីម៉ាឡេក និងទាហានរបស់គាត់ ក៏ស្ទុះចេញមកពីទីបង្កប់ខ្លួនដែរ។
36. លោកកាអាលឃើញពួកគេ ក៏និយាយទៅកាន់លោកសេប៊ូលថា៖ «មើល! មានមនុស្សចុះពីលើកំពូលភ្នំមក»។ ប៉ុន្តែ លោកសេប៊ូលឆ្លើយថា៖ «មិនមែនទេ គឺជាស្រមោលភ្នំទេតើ តែអ្នកមើលឃើញថាជាមនុស្សទៅវិញ!»។
37. លោកកាអាលក៏ពោលទៀតថា៖ «មើលន៎ គឺពិតជាមានមនុស្សចុះពីភ្នំដែលនៅកណ្ដាលនោះមែន ហើយក៏មានមួយក្រុមទៀតមកតាមផ្លូវដើមជ្រៃរបស់ពួកហោរាដែរ»។
38. លោកសេប៊ូលឆ្លើយតបថា៖ «ម្ដេចក៏អ្នកឯងមិនក្អេងក្អាងទៀតទៅ? កាលពីមុនអ្នកឯងបានពោលថា “តើអប៊ីម៉ាឡេកជានរណា បានជាយើងត្រូវចំណុះគាត់?”។ ឥឡូវនេះ ពួកដែលអ្នកឯងមើលងាយ មកដល់ហើយ ចូរចេញទៅប្រយុទ្ធជាមួយគេទៅ!»។
39. លោកកាអាលក៏នាំមុខអ្នកក្រុងស៊ីគែម ចេញទៅប្រយុទ្ធជាមួយលោកអប៊ីម៉ាឡេក។
40. លោកកាអាលបាក់ទ័ព ហើយលោកអប៊ីម៉ាឡេកដេញតាមពីក្រោយ។ មនុស្សមួយចំនួនធំត្រូវរបួស ដួលស្លាប់មុនទៅដល់មាត់ទ្វារក្រុង។
41. លោកអប៊ីម៉ាឡេកទៅស្នាក់នៅភូមិអារូម៉ា ចំណែកលោកសេប៊ូលវិញ គាត់ដេញលោកកាអាល និងបងប្អូនរបស់គេ ចេញពីស៊ីគែម មិនឲ្យគេនៅក្នុងក្រុងនោះឡើយ។
42. លុះស្អែកឡើង លោកអប៊ីម៉ាឡេក បានទទួលដំណឹងថា អ្នកក្រុងស៊ីគែមរៀបចំខ្លួនចេញទៅវាល។