ចៅហ្វាយ 9:22-28 Khmer Standard Version (KHSV)

22. លោក​អប៊ីម៉ា‌ឡេក​បាន​ដឹក​នាំ​ស្រុក​អ៊ីស្រា‌អែល​អស់​រយៈ​ពេល​បី​ឆ្នាំ។

23. ក្រោយ​មក ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​លោក​អប៊ីម៉ា‌ឡេក និង​ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម មាន​គំនិត​បាក់​បែក​គ្នា គឺ​ពួក​គេ​បាន​នាំ​គ្នា​ក្បត់​នឹង​លោក​អប៊ីម៉ា‌ឡេក។

24. ដូច្នេះ ពួក​គេ​ទទួល​ទោស​ចំពោះ​ឃាត‌កម្ម​ដែល​ខ្លួន​បាន​ប្រព្រឹត្ត គឺ​សម្លាប់​កូន​ប្រុស​របស់​លោក​យេរូ‌បាល ទាំង​ចិត‌សិប​នាក់។ លោក​អប៊ីម៉ា‌ឡេក​ទទួល​ទោស ព្រោះ​បាន​សម្លាប់​បង‌ប្អូន​របស់​ខ្លួន រីឯ​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម​ទទួល​ទោស ព្រោះ​តែ​សម​គំនិត​ជា​មួយ​គាត់​ក្នុង​ឃាត‌កម្ម​នេះ។

25. ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម​បាន​ចាត់​មនុស្ស​ឲ្យ​ទៅ​បង្កប់​ខ្លួន​នៅ​លើ​កំពូល​ភ្នំ ដើម្បី​ប្លន់​អស់​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ គឺ​ក្នុង​គោល​បំណង​ប្រឆាំង​នឹង​លោក​អប៊ីម៉ា‌ឡេក។ មាន​គេ​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​លោក​អប៊ីម៉ា‌ឡេក។

26. ថ្ងៃ​មួយ លោក​កាអាល ជា​កូន​របស់​លោក​អេបេដ បាន​ធ្វើ​ដំណើរ​ដល់​ស៊ីគែម​ជា​មួយ​បង‌ប្អូន​របស់​គាត់។ ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម​ទុក​ចិត្ត​គាត់។

27. ពួក​គេ​ចេញ​ទៅ​ចម្ការ បេះ​ផ្លែ​ទំពាំង‌បាយជូរ ហើយ​គាប​យក​ទឹក រួច​នាំ​គ្នា​ធ្វើ​បុណ្យ​យ៉ាង​សប្បាយ។ បន្ទាប់​មក គេ​ចូល​ទៅ​ក្នុង​វិហារ​ព្រះ​របស់​គេ គេ​នាំ​គ្នា​ស៊ី​ផឹក ហើយ​ដាក់​បណ្ដាសា​លោក​អប៊ីម៉ា‌ឡេក។

28. ពេល​នោះ លោក​កាអាល​ពោល​ឡើង​ថា៖ «តើ​អប៊ីម៉ា‌ឡេក​ជា​នរណា ហើយ​យើង​ទាំង​អស់​គ្នា​នៅ​ស៊ីគែម​នេះ​ជា​នរណា​ដែរ បាន​ជា​ត្រូវ​ចំណុះ​គាត់? គាត់​ជា​កូន​របស់​លោក​យេរូ‌បាល ហើយ​សេប៊ូល​ជា​តំណាង​របស់​គាត់។ ដូច្នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​បម្រើ​គាត់​ឡើយ ចូរ​ស្មោះ​ត្រង់​នឹង​ពូជ‌ពង្ស​លោក​ហា‌ម៉ោរ ដែល​ត្រូវ​ជា​ឪពុក​របស់​លោក​ស៊ីគែម​នោះ​វិញ។

ចៅហ្វាយ 9