20. បើមិនដូច្នោះទេ សូមឲ្យមានភ្លើងចេញពីអប៊ីម៉ាឡេក មកឆេះអ្នកមុខអ្នកការនៅស៊ីគែម និងនៅបេតមីឡូ រួចឲ្យមានភ្លើងចេញពីអ្នកមុខអ្នកការនៅស៊ីគែម និងនៅបេតមីឡូ មកឆេះអប៊ីម៉ាឡេកវិញដែរ!»។
21. បន្ទាប់មក លោកយ៉ូថាមក៏គេចខ្លួន រត់ទៅស្រុកបៀរ ហើយរស់នៅទីនោះឆ្ងាយពីលោកអប៊ីម៉ាឡេក ជាបង។
22. លោកអប៊ីម៉ាឡេកបានដឹកនាំស្រុកអ៊ីស្រាអែលអស់រយៈពេលបីឆ្នាំ។
23. ក្រោយមក ព្រះជាម្ចាស់បានធ្វើឲ្យលោកអប៊ីម៉ាឡេក និងពួកអ្នកមុខអ្នកការនៅស៊ីគែម មានគំនិតបាក់បែកគ្នា គឺពួកគេបាននាំគ្នាក្បត់នឹងលោកអប៊ីម៉ាឡេក។
24. ដូច្នេះ ពួកគេទទួលទោសចំពោះឃាតកម្មដែលខ្លួនបានប្រព្រឹត្ត គឺសម្លាប់កូនប្រុសរបស់លោកយេរូបាល ទាំងចិតសិបនាក់។ លោកអប៊ីម៉ាឡេកទទួលទោស ព្រោះបានសម្លាប់បងប្អូនរបស់ខ្លួន រីឯអ្នកមុខអ្នកការនៅស៊ីគែមទទួលទោស ព្រោះតែសមគំនិតជាមួយគាត់ក្នុងឃាតកម្មនេះ។
25. ពួកអ្នកមុខអ្នកការនៅស៊ីគែមបានចាត់មនុស្សឲ្យទៅបង្កប់ខ្លួននៅលើកំពូលភ្នំ ដើម្បីប្លន់អស់អ្នកដែលធ្វើដំណើរតាមផ្លូវនោះ គឺក្នុងគោលបំណងប្រឆាំងនឹងលោកអប៊ីម៉ាឡេក។ មានគេនាំដំណឹងនេះទៅប្រាប់លោកអប៊ីម៉ាឡេក។
26. ថ្ងៃមួយ លោកកាអាល ជាកូនរបស់លោកអេបេដ បានធ្វើដំណើរដល់ស៊ីគែមជាមួយបងប្អូនរបស់គាត់។ ពួកអ្នកមុខអ្នកការនៅស៊ីគែមទុកចិត្តគាត់។
27. ពួកគេចេញទៅចម្ការ បេះផ្លែទំពាំងបាយជូរ ហើយគាបយកទឹក រួចនាំគ្នាធ្វើបុណ្យយ៉ាងសប្បាយ។ បន្ទាប់មក គេចូលទៅក្នុងវិហារព្រះរបស់គេ គេនាំគ្នាស៊ីផឹក ហើយដាក់បណ្ដាសាលោកអប៊ីម៉ាឡេក។
28. ពេលនោះ លោកកាអាលពោលឡើងថា៖ «តើអប៊ីម៉ាឡេកជានរណា ហើយយើងទាំងអស់គ្នានៅស៊ីគែមនេះជានរណាដែរ បានជាត្រូវចំណុះគាត់? គាត់ជាកូនរបស់លោកយេរូបាល ហើយសេប៊ូលជាតំណាងរបស់គាត់។ ដូច្នេះ អ្នករាល់គ្នាមិនត្រូវបម្រើគាត់ឡើយ ចូរស្មោះត្រង់នឹងពូជពង្សលោកហាម៉ោរ ដែលត្រូវជាឪពុករបស់លោកស៊ីគែមនោះវិញ។
29. ប្រសិនបើមានគេប្រគល់ប្រជាជននៅស៊ីគែមនេះមកឲ្យខ្ញុំត្រួតត្រា ខ្ញុំនឹងផ្តួលអប៊ីម៉ាឡេកជាមិនខាន»។ បន្ទាប់មក លោកកាអាលក៏ស្រែកថា៖ «អប៊ីម៉ាឡេកអើយ ចូរប្រមូលកងទ័ពរបស់ឯង ចេញមកប្រយុទ្ធជាមួយនឹងយើង!»។
30. កាលលោកសេប៊ូល ជាចៅហ្វាយក្រុង បានឮពាក្យដែលលោកកាអាល ជាកូនរបស់លោកអេបេដ និយាយគាត់ខឹងយ៉ាងខ្លាំង។
31. គាត់ក៏ចាត់អ្នកនាំសារឲ្យទៅជាសម្ងាត់ ប្រាប់លោកអប៊ីម៉ាឡេកថា៖ «កាអាល ជាកូនរបស់លោកអេបេដ ព្រមទាំងបងប្អូនរបស់គេទើបនឹងមកដល់ស៊ីគែម ហើយកំពុងតែញុះញង់អ្នកក្រុងឲ្យប្រឆាំងនឹងលោក។
32. ដូច្នេះ នៅយប់នេះ សូមលោកចេញទៅបង្កប់ខ្លួននៅឯស្រុកស្រែ ជាមួយទាហានរបស់លោកទៅ។
33. ស្អែកឡើង ពេលថ្ងៃរះ សឹមវាយសម្រុកចូលទីក្រុង។ នៅពេលកាអាល និងបក្សពួករបស់គេចេញទៅតទល់នឹងលោកនោះ លោកអាចប្រព្រឹត្តចំពោះពួកគេតាមតែលោកយល់ឃើញទៅចុះ»។
34. លោកអប៊ីម៉ាឡេក និងទាហានទាំងប៉ុន្មានដែលនៅជាមួយគាត់ ក្រោកឡើងទាំងយប់ ចែកគ្នាជាបួនក្រុម រួចទៅបង្កប់ខ្លួននៅក្បែរស៊ីគែម។