1. លោកអប៊ីម៉ាឡេក ជាកូនរបស់លោកយេរូបាល បានទៅស៊ីគែម រកបងប្អូនខាងម្ដាយរបស់គាត់ និងញាតិសន្ដានទាំងប៉ុន្មានខាងម្ដាយ ហើយពោលថា៖
2. «សូមបងប្អូនទៅសួរអ្នកមុខអ្នកការទាំងអស់ នៅស៊ីគែមថា តើអស់លោកចង់ឲ្យកូនរបស់លោកយេរូបាល ទាំងចិតសិបនាក់គ្រប់គ្រងលើអស់លោក ឬក៏ចង់ឲ្យមានតែម្នាក់ប៉ុណ្ណោះ? សូមកុំភ្លេចថា ខ្ញុំជាសាច់ឈាមរបស់អស់លោក»។
3. បងប្អូនខាងម្ដាយរបស់លោកអប៊ីម៉ាឡេកនាំពាក្យនេះ ទៅជម្រាបពួកអ្នកមុខអ្នកការនៅស៊ីគែម។ ពួកគេនាំគ្នាគាំទ្រលោកអប៊ីម៉ាឡេក ដោយគិតថា គាត់ជាសាច់ឈាមរបស់ពួកគេ។
4. ពួកគេយកប្រាក់ម្ភៃតម្លឹងពីវិហាររបស់ព្រះបាលបេរីត ជូនគាត់។ លោកអប៊ីម៉ាឡេកយកប្រាក់នេះទៅជួលមនុស្សពាល និងមនុស្សអានាថា ឲ្យមកតាមគាត់។
5. បន្ទាប់មក គាត់ទៅផ្ទះឪពុករបស់គាត់ នៅអូប្រា ហើយនៅទីនោះ គាត់សម្លាប់បងប្អូនរបស់គាត់ គឺកូនរបស់លោកយេរូបាលទាំងចិតសិបនាក់ ក្នុងពេលតែមួយ។ មានតែយ៉ូថាម ដែលជាកូនពៅម្នាក់គត់បានរួចជីវិត ព្រោះលោកលាក់ខ្លួន។
6. ពួកអ្នកមុខអ្នកការនៅស៊ីគែម និងប្រជាជនទាំងប៉ុន្មាននៅបេតមីឡូបានជួបជុំគ្នាត្រង់ដើមជ្រៃ នៅស៊ីគែម ជិតស្តូបថ្ម ហើយតែងតាំងលោកអប៊ីម៉ាឡេកជាស្ដេច។
7. ពេលលោកយ៉ូថាមទទួលដំណឹងនេះ លោកក៏ឡើងទៅលើកំពូលភ្នំកេរិស៊ីម ទាំងស្រែកយ៉ាងអស់ទំហឹងថា៖«ពួកអ្នកមុខអ្នកការនៅក្រុងស៊ីគែមអើយសូមស្ដាប់ខ្ញុំហើយសូមព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់អ្នករាល់គ្នាដែរ!
8. ថ្ងៃមួយ ដើមឈើទាំងឡាយដើរផ្សងរកស្ដេចឲ្យគ្រងរាជ្យលើគេ។ពួកគេពោលទៅកាន់ដើមអូលីវថា:សូមគ្រងរាជ្យលើយើងខ្ញុំទៅ។
9. ប៉ុន្តែ ដើមអូលីវឆ្លើយថា:ព្រះ និងមនុស្សលោកពេញចិត្តនឹងប្រេងរបស់ខ្ញុំគ្រប់ៗគ្នាតើឲ្យខ្ញុំលះបង់ប្រេងរបស់ខ្ញុំហើយទៅយោលខ្លួនលើដើមឈើឯទៀតៗដូចម្ដេចកើត។
10. ពេលនោះ ដើមឈើទាំងឡាយពោលទៅកាន់ដើមឧទុម្ពរថា:សូមអញ្ជើញមកគ្រងរាជ្យលើយើងខ្ញុំ!
11. ប៉ុន្តែ ដើមឧទុម្ពរឆ្លើយថា:តើឲ្យខ្ញុំលះបង់ផ្លែដ៏ផ្អែម និងឆ្ងាញ់ពិសាហើយទៅយោលខ្លួនលើដើមឈើឯទៀតៗដូចម្ដេចកើត?