5. ពេលពួកគេទៅដល់ក្រុងសិកូត លោកគេឌានមានប្រសាសន៍ទៅកាន់អ្នកក្រុងនោះថា៖ «សូមចែកនំប៉័ងឲ្យទ័ពដែលមកតាមខ្ញុំនេះផង ព្រោះគេហត់នឿយខ្លាំងណាស់ ខ្ញុំកំពុងតែដេញតាមសេបាស និងសាល់មូណា ស្ដេចសាសន៍ម៉ាឌាន»។
6. ប៉ុន្តែ មេដឹកនាំក្រុងសិកូតនាំគ្នាឆ្លើយមកលោកវិញថា៖ «តើលោកចាប់បានស្ដេចសេបាស និងស្ដេចសាល់មូណាហើយឬ បានជាយើងត្រូវយកអាហារឲ្យពលទ័ពរបស់លោកបរិភោគ?»។
7. លោកគេឌានតបទៅគេវិញថា៖ «កាលណាព្រះអម្ចាស់ប្រគល់ស្ដេចសេបាស និងស្ដេចសាល់មូណា មកក្នុងកណ្ដាប់ដៃរបស់ខ្ញុំ ខ្ញុំមុខជាយកបន្លាស្អិត និងបន្លាដំបងយក្ស វាយអ្នករាល់គ្នាមិនខាន»។
8. លោកគេឌានចេញពីទីនោះ ឡើងទៅក្រុងពេនួល ហើយសុំអាហារអ្នកក្រុងនោះដូចសុំអ្នកក្រុងសិកូតដែរ តែពួកគេឆ្លើយមកលោកវិញតាមរបៀបដដែល។
9. លោកគេឌានមានប្រសាសន៍ទៅកាន់អ្នកក្រុងពេនួលថា៖ «កាលណាខ្ញុំត្រឡប់មកវិញ ដោយជោគជ័យ ខ្ញុំនឹងរំលំប៉មក្រុងនេះចោល»។
10. រីឯស្ដេចសេបាស និងស្ដេចសាល់មូណា បានទៅដល់តំបន់កើកូរជាមួយកងទ័ពរបស់គេ ប្រមាណមួយម៉ឺនប្រាំពាន់នាក់ ដែលនៅសល់ពីកងទ័ពទាំងមូលរបស់ពួកពនេចរពីស្រុកខាងកើត ដ្បិតពួកគេស្លាប់អស់មួយសែនពីរម៉ឺននាក់ហើយ។
11. លោកគេឌានក៏ឡើងទៅតាមផ្លូវរបស់ពួកពនេចរ នៅខាងកើតភូមិណូបាស និងភូមិយ៉ុកបិហា ហើយវាយលុកទីតាំងទ័ពរបស់ខ្មាំង ដែលគេស្មានថាខ្លួនបានសុខសាន្តហើយ។
12. ស្ដេចទាំងពីរអង្គរបស់ជនជាតិម៉ាឌាន គឺសេបាស និងសាល់មូណារត់គេចខ្លួន ប៉ុន្តែ លោកគេឌានដេញតាមចាប់បានស្ដេចទាំងពីរ ព្រមទាំងវាយកងទ័ពរបស់ស្ដេចឲ្យបាក់ទ័ពផង។
13. លោកគេឌាន ជាកូនរបស់លោកយ៉ូអាស វិលត្រឡប់មកពីធ្វើសឹកវិញ តាមច្រកភ្នំហេរេស។