29. លោកយេរូបាល ជាកូនរបស់លោកយ៉ូអាស វិលត្រឡប់ទៅរស់នៅក្នុងផ្ទះរបស់លោកវិញ។
30. លោកមានកូនប្រុសទាំងអស់ចិតសិបនាក់ ដ្បិតលោកមានប្រពន្ធច្រើន។
31. ប្រពន្ធចុងរបស់លោក នៅស៊ីគែម បង្កើតបានកូនប្រុសម្នាក់ជូនលោក ដែលលោកដាក់ឈ្មោះថា អប៊ីម៉ាឡេក។
32. លោកគេឌាន ជាកូនរបស់លោកយ៉ូអាស បានរស់យ៉ាងយូរ ប្រកបដោយសុភមង្គល បន្ទាប់មក លោកក៏ទទួលមរណភាពទៅ។ គេបានបញ្ចុះសពលោកក្នុងផ្នូររបស់លោកយ៉ូអាស ជាឪពុក នៅអូប្រា ជាភូមិរបស់អំបូរអបៀស៊ើរ។
33. ក្រោយពីលោកគេឌានទទួលមរណភាពផុតទៅ ជនជាតិអ៊ីស្រាអែលនាំគ្នាក្បត់ព្រះជាម្ចាស់សាជាថ្មី ហើយបែរទៅគោរពព្រះបាល គឺគេយកព្រះបាល-បេរីតធ្វើជាព្រះរបស់គេ
34. ពួកគេលែងនឹកនាដល់ព្រះអម្ចាស់ ជាព្រះរបស់គេ ដែលបានរំដោះគេឲ្យរួចពីខ្មាំងសត្រូវនៅជុំវិញ។
35. ពួកគេពុំដឹងគុណគ្រួសារលោកគេឌាន ហៅយេរូបាល នូវការល្អទាំងប៉ុន្មានដែលលោកបានប្រព្រឹត្តចំពោះជនជាតិអ៊ីស្រាអែលឡើយ។