ចៅហ្វាយ 8:27-35 Khmer Standard Version (KHSV)

27. លោក​គេឌាន​បាន​យក​មាស​ទាំង​នោះ ទៅ​សូន​ធ្វើ​ជា​រូប​បដិមា​មួយ ហើយ​តម្កល់​នៅ​អូប្រា ជា​ភូមិ​កំណើត​របស់​លោក។ ដូច្នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ក្បត់​ព្រះ‌ជាម្ចាស់ ដោយ​គោរព​ថ្វាយ‌បង្គំ​រូប​ចម្លាក់​នោះ ហើយ​រូប​នោះ​ក្លាយ​ទៅ​ជា​អន្ទាក់​ដល់​លោក​គេឌាន និង​ក្រុម​គ្រួសារ​របស់​លោក។

28. ចាប់​ពី​ពេល​នោះ​មក ជន‌ជាតិ​ម៉ាឌាន​ស្ថិត​នៅ​ជា​ចំណុះ​ជន‌ជាតិ​អ៊ីស្រា‌អែល មិន​អាច​ងើប​មុខ​ឡើយ ហើយ​ស្រុក​ទេស​ក៏​បាន​សុខ‌សាន្ត‌ត្រាណ អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។

29. លោក​យេរូ‌បាល ជា​កូន​របស់​លោក​យ៉ូអាស វិល​ត្រឡប់​ទៅ​រស់​នៅ​ក្នុង​ផ្ទះ​របស់​លោក​វិញ។

30. លោក​មាន​កូន​ប្រុស​ទាំង​អស់​ចិត‌សិប​នាក់ ដ្បិត​លោក​មាន​ប្រពន្ធ​ច្រើន។

31. ប្រពន្ធ​ចុង​របស់​លោក នៅ​ស៊ីគែម បង្កើត​បាន​កូន​ប្រុស​ម្នាក់​ជូន​លោក ដែល​លោក​ដាក់​ឈ្មោះ​ថា អប៊ីម៉ា‌ឡេក។

32. លោក​គេឌាន ជា​កូន​របស់​លោក​យ៉ូអាស បាន​រស់​យ៉ាង​យូរ ប្រកប​ដោយ​សុភមង្គល បន្ទាប់​មក លោក​ក៏​ទទួល​មរណ‌ភាព​ទៅ។ គេ​បាន​បញ្ចុះ​សព​លោក​ក្នុង​ផ្នូរ​របស់​លោក​យ៉ូអាស ជា​ឪពុក នៅ​អូប្រា ជា​ភូមិ​របស់​អំបូរ​អបៀ‌ស៊ើរ។

33. ក្រោយ​ពី​លោក​គេឌាន​ទទួល​មរណ‌ភាព​ផុត​ទៅ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ក្បត់​ព្រះ‌ជាម្ចាស់​សា​ជា​ថ្មី ហើយ​បែរ​ទៅ​គោរព​ព្រះ​បាល គឺ​គេ​យក​ព្រះ​បាល-‌បេរីត​ធ្វើ​ជា​ព្រះ​របស់​គេ

34. ពួក​គេ​លែង​នឹក​នា​ដល់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​គេ ដែល​បាន​រំដោះ​គេ​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​នៅ​ជុំ‌វិញ។

35. ពួក​គេ​ពុំ​ដឹង​គុណ​គ្រួសារ​លោក​គេឌាន ហៅ​យេរូ‌បាល នូវ​ការ​ល្អ​ទាំង​ប៉ុន្មាន​ដែល​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឡើយ។

ចៅហ្វាយ 8