ចៅហ្វាយ 8:25-30 Khmer Standard Version (KHSV)

25. ជន‌ជាតិ​អ៊ីស្រា‌អែល​ឆ្លើយ​ឡើង​ថា៖ «យើង​ខ្ញុំ​សូម​ជូន​ក្រវិល​ទៅ​លោក ដោយ​ស្មោះ​អស់​ពី​ចិត្ត»។ ពួក​គេ​ក៏​ត្រដាង​អាវ​ធំ​មួយ​នៅ​លើ​ដី ហើយ​ម្នាក់ៗ​ដាក់​ក្រវិល​ដែល​ខ្លួន​រឹប​អូស​យក​បាន​ពី​សត្រូវ លើ​អាវ​នោះ។

26. ក្រវិល​មាស​ទាំង​អស់​ដែល​លោក​គេឌាន​បាន​សុំ​ពី​គេ​នោះ មាន​ទម្ងន់​ប្រមាណ​ប្រាំ​រយ​តម្លឹង។ លោក​ក៏​បាន​ទទួល​គ្រឿង​អលង្ការ ទំហូ និង​សម្លៀក‌បំពាក់​ពណ៌​ក្រហម​ទុំ​របស់​ស្ដេច​សាសន៍​ម៉ាឌាន ព្រម​ទាំង​គ្រឿង​លំអ​ដែល​ពាក់​នៅ​ក​សត្វ​អូដ្ឋ​របស់​សត្រូវ​ទៀត​ផង។

27. លោក​គេឌាន​បាន​យក​មាស​ទាំង​នោះ ទៅ​សូន​ធ្វើ​ជា​រូប​បដិមា​មួយ ហើយ​តម្កល់​នៅ​អូប្រា ជា​ភូមិ​កំណើត​របស់​លោក។ ដូច្នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ក្បត់​ព្រះ‌ជាម្ចាស់ ដោយ​គោរព​ថ្វាយ‌បង្គំ​រូប​ចម្លាក់​នោះ ហើយ​រូប​នោះ​ក្លាយ​ទៅ​ជា​អន្ទាក់​ដល់​លោក​គេឌាន និង​ក្រុម​គ្រួសារ​របស់​លោក។

28. ចាប់​ពី​ពេល​នោះ​មក ជន‌ជាតិ​ម៉ាឌាន​ស្ថិត​នៅ​ជា​ចំណុះ​ជន‌ជាតិ​អ៊ីស្រា‌អែល មិន​អាច​ងើប​មុខ​ឡើយ ហើយ​ស្រុក​ទេស​ក៏​បាន​សុខ‌សាន្ត‌ត្រាណ អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។

29. លោក​យេរូ‌បាល ជា​កូន​របស់​លោក​យ៉ូអាស វិល​ត្រឡប់​ទៅ​រស់​នៅ​ក្នុង​ផ្ទះ​របស់​លោក​វិញ។

30. លោក​មាន​កូន​ប្រុស​ទាំង​អស់​ចិត‌សិប​នាក់ ដ្បិត​លោក​មាន​ប្រពន្ធ​ច្រើន។

ចៅហ្វាយ 8