ចៅហ្វាយ 8:21-28 Khmer Standard Version (KHSV)

21. ស្ដេច​សេបា និង​ស្ដេច​សាល់‌មូណា​ពោល​ទៅ​កាន់​លោក​គេឌាន​ថា៖ «សូម​សម្លាប់​យើង​ដោយ​ដៃ​លោក​ផ្ទាល់​ទៅ ដ្បិត​គួរ​ឲ្យ​មនុស្ស​ពេញ​កម្លាំង​សម្លាប់​យើង​វិញ!»។ ពេល​នោះ លោក​គេឌាន​ក្រោក​ឡើង ហើយ​សម្លាប់​ស្ដេច​សេបាស និង​ស្ដេច​សាល់‌មូណា​ចោល រួច​ដោះ​យក​គ្រឿង​លំអ ដែល​ពាក់​នៅ​ក​អូដ្ឋ​របស់​ពួក​គេ​ផង។

22. ក្រោយ​ពី​ព្រឹត្តិ‌ការណ៍​នោះ​មក ជន‌ជាតិ​អ៊ីស្រា‌អែល​ពោល​ទៅ​កាន់​លោក​គេឌាន​ថា៖ «សូម​លោក​មេត្តា​គ្រប់‌គ្រង​លើ​យើង​ខ្ញុំ ហើយ​ក្រោយ​មក សូម​ឲ្យ​កូន និង​ចៅ​របស់​លោក​គ្រប់‌គ្រង​លើ​យើង​ខ្ញុំ​ត​ទៅ​ទៀត​ដែរ ពី‌ព្រោះ​លោក​បាន​សង្គ្រោះ​យើង​ខ្ញុំ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​ម៉ាឌាន»។

23. លោក​គេឌាន​តប​ទៅ​ពួក​គេ​វិញ​ថា៖ «ទេ! ខ្ញុំ​មិន​គ្រប់‌គ្រង​លើ​អ្នក​រាល់​គ្នា​ទេ ហើយ​កូន​របស់​ខ្ញុំ​ក៏​មិន​គ្រប់‌គ្រង​លើ​អ្នក​រាល់​គ្នា​ដែរ គឺ​ព្រះ‌អម្ចាស់​ទេ ដែល​គ្រប់‌គ្រង​លើ​អ្នក​រាល់​គ្នា»។

24. លោក​គេឌាន​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ទៀត​ថា៖ «ខ្ញុំ​មាន​សំណូម​ពរ​មួយ គឺ​សូម​អ្នក​រាល់​គ្នា​ប្រគល់​ក្រវិល ដែល​ម្នាក់ៗ​រឹប​អូស​យក​បាន​ពី​សត្រូវ​មក​ឲ្យ​ខ្ញុំ»- ជន‌ជាតិ​ម៉ាឌាន​សុទ្ធ​តែ​ពាក់​ក្រវិល​មាស ដ្បិត​ពួក​គេ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​អ៊ីស្មា‌អែល​ទាំង​អស់​គ្នា។

25. ជន‌ជាតិ​អ៊ីស្រា‌អែល​ឆ្លើយ​ឡើង​ថា៖ «យើង​ខ្ញុំ​សូម​ជូន​ក្រវិល​ទៅ​លោក ដោយ​ស្មោះ​អស់​ពី​ចិត្ត»។ ពួក​គេ​ក៏​ត្រដាង​អាវ​ធំ​មួយ​នៅ​លើ​ដី ហើយ​ម្នាក់ៗ​ដាក់​ក្រវិល​ដែល​ខ្លួន​រឹប​អូស​យក​បាន​ពី​សត្រូវ លើ​អាវ​នោះ។

26. ក្រវិល​មាស​ទាំង​អស់​ដែល​លោក​គេឌាន​បាន​សុំ​ពី​គេ​នោះ មាន​ទម្ងន់​ប្រមាណ​ប្រាំ​រយ​តម្លឹង។ លោក​ក៏​បាន​ទទួល​គ្រឿង​អលង្ការ ទំហូ និង​សម្លៀក‌បំពាក់​ពណ៌​ក្រហម​ទុំ​របស់​ស្ដេច​សាសន៍​ម៉ាឌាន ព្រម​ទាំង​គ្រឿង​លំអ​ដែល​ពាក់​នៅ​ក​សត្វ​អូដ្ឋ​របស់​សត្រូវ​ទៀត​ផង។

27. លោក​គេឌាន​បាន​យក​មាស​ទាំង​នោះ ទៅ​សូន​ធ្វើ​ជា​រូប​បដិមា​មួយ ហើយ​តម្កល់​នៅ​អូប្រា ជា​ភូមិ​កំណើត​របស់​លោក។ ដូច្នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ក្បត់​ព្រះ‌ជាម្ចាស់ ដោយ​គោរព​ថ្វាយ‌បង្គំ​រូប​ចម្លាក់​នោះ ហើយ​រូប​នោះ​ក្លាយ​ទៅ​ជា​អន្ទាក់​ដល់​លោក​គេឌាន និង​ក្រុម​គ្រួសារ​របស់​លោក។

28. ចាប់​ពី​ពេល​នោះ​មក ជន‌ជាតិ​ម៉ាឌាន​ស្ថិត​នៅ​ជា​ចំណុះ​ជន‌ជាតិ​អ៊ីស្រា‌អែល មិន​អាច​ងើប​មុខ​ឡើយ ហើយ​ស្រុក​ទេស​ក៏​បាន​សុខ‌សាន្ត‌ត្រាណ អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។

ចៅហ្វាយ 8