10. រីឯស្ដេចសេបាស និងស្ដេចសាល់មូណា បានទៅដល់តំបន់កើកូរជាមួយកងទ័ពរបស់គេ ប្រមាណមួយម៉ឺនប្រាំពាន់នាក់ ដែលនៅសល់ពីកងទ័ពទាំងមូលរបស់ពួកពនេចរពីស្រុកខាងកើត ដ្បិតពួកគេស្លាប់អស់មួយសែនពីរម៉ឺននាក់ហើយ។
11. លោកគេឌានក៏ឡើងទៅតាមផ្លូវរបស់ពួកពនេចរ នៅខាងកើតភូមិណូបាស និងភូមិយ៉ុកបិហា ហើយវាយលុកទីតាំងទ័ពរបស់ខ្មាំង ដែលគេស្មានថាខ្លួនបានសុខសាន្តហើយ។
12. ស្ដេចទាំងពីរអង្គរបស់ជនជាតិម៉ាឌាន គឺសេបាស និងសាល់មូណារត់គេចខ្លួន ប៉ុន្តែ លោកគេឌានដេញតាមចាប់បានស្ដេចទាំងពីរ ព្រមទាំងវាយកងទ័ពរបស់ស្ដេចឲ្យបាក់ទ័ពផង។
13. លោកគេឌាន ជាកូនរបស់លោកយ៉ូអាស វិលត្រឡប់មកពីធ្វើសឹកវិញ តាមច្រកភ្នំហេរេស។
14. ពេលនោះ លោកចាប់ក្មេងប្រុសម្នាក់ពីក្រុងសិកូត មកសួរចម្លើយ ហើយឲ្យវាសរសេរឈ្មោះមេដឹកនាំ និងអ្នកចាស់ទុំ នៅក្រុងសិកូត ដែលមានចំនួនចិតសិបប្រាំពីរនាក់។
15. បន្ទាប់មក លោកគេឌានទៅរកអ្នកក្រុងសិកូត ហើយមានប្រសាសន៍ថា៖ «នេះគឺសេបាស និងសាល់មូណា! អ្នករាល់គ្នាបាននិយាយមកខ្ញុំ ទាំងមើលងាយថា “តើលោកចាប់បានស្ដេចសេបាស និងស្ដេចសាល់មូណាហើយឬ បានជាយើងត្រូវយកអាហារឲ្យពលទ័ពរបស់លោកដែលអស់កម្លាំងបរិភោគ?”»។
16. លោកចាប់ពួកចាស់ទុំនៅក្រុងនោះមក ហើយយកបន្លាដំបងយក្ស និងបន្លាស្អិត មកវាយ ដើម្បីព្រមានអ្នកក្រុងសិកូត។
17. លោកបានរំលំប៉មក្រុងពេនួល ព្រមទាំងសម្លាប់ប្រជាជននៅក្រុងនោះទៀតផង។
18. បន្ទាប់មក លោកគេឌានសួរទៅស្ដេចសេបាស និងស្ដេចសាល់មូណាថា៖ «តើមនុស្សដែលពួកឯងបានសម្លាប់នៅភ្នំតាបោរនោះ មានភិនភាគដូចម្ដេច?»។ គេឆ្លើយឡើងថា៖ «ពួកគេមានភិនភាគដូចលោកដែរ គឺម្នាក់ៗដូចបុត្រស្ដេច»។
19. លោកគេឌានពោលថា៖ «ពួកគេជាបងប្អូនពោះមួយនឹងខ្ញុំ។ យើងសុំប្រាប់ពួកឯង ក្នុងព្រះនាមព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅថា ប្រសិនបើឯងពុំបានសម្លាប់អ្នកទាំងនោះទេ យើងនឹងទុកជីវិតពួកឯងជាមិនខាន!»។
20. បន្ទាប់មក លោកបង្គាប់ទៅយេធើរ ជាកូនច្បងរបស់លោកថា៖ «ចូរសម្លាប់ពួកគេចោលទៅ!»។ ប៉ុន្តែ យុវជននោះមិនហ៊ានហូតដាវទេ ដ្បិតគេខ្លាច ដោយខ្លួននៅក្មេងពេក។
21. ស្ដេចសេបា និងស្ដេចសាល់មូណាពោលទៅកាន់លោកគេឌានថា៖ «សូមសម្លាប់យើងដោយដៃលោកផ្ទាល់ទៅ ដ្បិតគួរឲ្យមនុស្សពេញកម្លាំងសម្លាប់យើងវិញ!»។ ពេលនោះ លោកគេឌានក្រោកឡើង ហើយសម្លាប់ស្ដេចសេបាស និងស្ដេចសាល់មូណាចោល រួចដោះយកគ្រឿងលំអ ដែលពាក់នៅកអូដ្ឋរបស់ពួកគេផង។
22. ក្រោយពីព្រឹត្តិការណ៍នោះមក ជនជាតិអ៊ីស្រាអែលពោលទៅកាន់លោកគេឌានថា៖ «សូមលោកមេត្តាគ្រប់គ្រងលើយើងខ្ញុំ ហើយក្រោយមក សូមឲ្យកូន និងចៅរបស់លោកគ្រប់គ្រងលើយើងខ្ញុំតទៅទៀតដែរ ពីព្រោះលោកបានសង្គ្រោះយើងខ្ញុំ ឲ្យរួចពីកណ្ដាប់ដៃរបស់ពួកម៉ាឌាន»។
23. លោកគេឌានតបទៅពួកគេវិញថា៖ «ទេ! ខ្ញុំមិនគ្រប់គ្រងលើអ្នករាល់គ្នាទេ ហើយកូនរបស់ខ្ញុំក៏មិនគ្រប់គ្រងលើអ្នករាល់គ្នាដែរ គឺព្រះអម្ចាស់ទេ ដែលគ្រប់គ្រងលើអ្នករាល់គ្នា»។