1. កុលសម្ព័ន្ធអេប្រាអ៊ីមពោលទៅកាន់លោកគេឌានថា៖ «ហេតុអ្វីបានជាលោកប្រព្រឹត្តចំពោះយើងខ្ញុំដូច្នេះ? ពេលចេញទៅប្រយុទ្ធជាមួយជនជាតិម៉ាឌាន ហេតុអ្វីបានជាលោកមិនហៅយើងខ្ញុំទៅផង?»។ ពួកគេស្ដីបន្ទោសលោកយ៉ាងខ្លាំង។
2. លោកគេឌានឆ្លើយទៅពួកគេវិញថា៖ «ជ័យជំនះដែលខ្ញុំយកបាននោះ មិនអាចប្រៀបផ្ទឹមទៅនឹងការដែលបងប្អូនបានធ្វើឡើយ។ បងប្អូនកុលសម្ព័ន្ធអេប្រាអ៊ីមអើយ ការប្រយុទ្ធរបស់បងប្អូន ទោះបីបន្តិចបន្តួចក្ដី ក៏ប្រសើរជាងការប្រយុទ្ធនៃអំបូរអបៀស៊ើររបស់ខ្ញុំទៅទៀត?
3. ព្រះជាម្ចាស់បានប្រគល់មេដឹកនាំនៃពួកម៉ាឌាន គឺអូរិប និងសៀប មកក្នុងកណ្ដាប់ដៃរបស់បងប្អូន។ ខ្ញុំមិនបានធ្វើអ្វីឲ្យស្មើនឹងកិច្ចការដែលបងប្អូនធ្វើឡើយ»។ កាលឮលោកគេឌានមានប្រសាសន៍ដូច្នេះហើយ ពួកគេក៏បាត់ខឹង។
4. លោកគេឌាន និងទ័ពទាំងបីរយនាក់ បានមកដល់ទន្លេយ័រដាន់ ហើយឆ្លងទៅត្រើយម្ខាង។ ទោះបីពួកគេនឿយហត់ខ្លាំងណាស់ទៅហើយក្ដី ក៏ពួកគេនៅតែដេញតាមខ្មាំងសត្រូវតទៅទៀត។
5. ពេលពួកគេទៅដល់ក្រុងសិកូត លោកគេឌានមានប្រសាសន៍ទៅកាន់អ្នកក្រុងនោះថា៖ «សូមចែកនំប៉័ងឲ្យទ័ពដែលមកតាមខ្ញុំនេះផង ព្រោះគេហត់នឿយខ្លាំងណាស់ ខ្ញុំកំពុងតែដេញតាមសេបាស និងសាល់មូណា ស្ដេចសាសន៍ម៉ាឌាន»។
6. ប៉ុន្តែ មេដឹកនាំក្រុងសិកូតនាំគ្នាឆ្លើយមកលោកវិញថា៖ «តើលោកចាប់បានស្ដេចសេបាស និងស្ដេចសាល់មូណាហើយឬ បានជាយើងត្រូវយកអាហារឲ្យពលទ័ពរបស់លោកបរិភោគ?»។
7. លោកគេឌានតបទៅគេវិញថា៖ «កាលណាព្រះអម្ចាស់ប្រគល់ស្ដេចសេបាស និងស្ដេចសាល់មូណា មកក្នុងកណ្ដាប់ដៃរបស់ខ្ញុំ ខ្ញុំមុខជាយកបន្លាស្អិត និងបន្លាដំបងយក្ស វាយអ្នករាល់គ្នាមិនខាន»។
8. លោកគេឌានចេញពីទីនោះ ឡើងទៅក្រុងពេនួល ហើយសុំអាហារអ្នកក្រុងនោះដូចសុំអ្នកក្រុងសិកូតដែរ តែពួកគេឆ្លើយមកលោកវិញតាមរបៀបដដែល។
9. លោកគេឌានមានប្រសាសន៍ទៅកាន់អ្នកក្រុងពេនួលថា៖ «កាលណាខ្ញុំត្រឡប់មកវិញ ដោយជោគជ័យ ខ្ញុំនឹងរំលំប៉មក្រុងនេះចោល»។