19. លុះជិតពាក់កណ្ដាលអធ្រាត្រ ពេលគេទើបនឹងប្ដូរអ្នកយាម លោកគេឌាន និងទាហានមួយរយនាក់ដែលនៅជាមួយលោក មកដល់ជិតទីតាំងទ័ពរបស់ជនជាតិម៉ាឌាន ហើយនាំគ្នាផ្លុំស្នែងឡើង ព្រមទាំងបំបែកក្អមដែលគេកាន់មកជាមួយនោះ។
20. ទ័ពទាំងបីក្រុមផ្លុំស្នែង និងបំបែកក្អមព្រមគ្នា ពួកគេកាន់ចន្លុះនៅដៃឆ្វេង ហើយកាន់ស្នែងសម្រាប់ផ្លុំនៅដៃស្ដាំ ទាំងស្រែកថា៖ «យើងវាយយកជ័យថ្វាយព្រះអម្ចាស់ និងយកជ័យជូនលោកគេឌាន!»។
21. ពួកគេឈរនៅកន្លែងរៀងៗខ្លួនព័ទ្ធជុំវិញទីតាំងទ័ព។ រីឯខ្មាំងសត្រូវទាំងអស់ ដែលនៅក្នុងទីតាំងទ័ព នាំគ្នារត់ និងស្រែក ហើយបាក់ទ័ព។
22. នៅពេលទ័ពទាំងបីរយនាក់ផ្លុំស្នែង ព្រះអម្ចាស់បានធ្វើឲ្យជនជាតិម៉ាឌានកាប់សម្លាប់គ្នាឯង ហើយរត់គេចខ្លួនរហូតដល់បេតស៊ីតា តាមផ្លូវទៅសេរេរ៉ា ហើយរហូតដល់មាត់ស្ទឹង នៅភូមិអេបិល-មហូឡា ដែលនៅទល់មុខនឹងភូមិតាបាត់។
23. ជនជាតិអ៊ីស្រាអែលនៃកុលសម្ព័ន្ធណែបថាលី កុលសម្ព័ន្ធអេស៊ើរ និងកុលសម្ព័ន្ធម៉ាណាសេទាំងមូលប្រមូលគ្នាមក ហើយដេញតាមជនជាតិម៉ាឌាន។
24. លោកគេឌានចាត់អ្នកនាំសារឲ្យទៅប្រកាសប្រាប់ ក្នុងតំបន់ភ្នំអេប្រាអ៊ីមទាំងមូលថា៖ «ចូរនាំគ្នាចុះមក ហើយស្ទាក់ផ្លូវពួកម៉ាឌាន ដោយកាន់កាប់ប្រភពទឹកទាំងប៉ុន្មានរហូតដល់បេតបារ៉ា និងទន្លេយ័រដាន់»។ កុលសម្ព័ន្ធអេប្រាអ៊ីមទាំងមូលនាំគ្នាទៅកាន់កាប់ប្រភពទឹកទាំងប៉ុន្មាន រហូតដល់បេតបារ៉ា និងទន្លេយ័រដាន់។
25. ពួកគេចាប់បានមេដឹកនាំរបស់ជនជាតិម៉ាឌានទាំងពីរនាក់ គឺអូរិប និងសៀប។ គេសម្លាប់អូរិបនៅត្រង់ថ្មរបស់អូរិប ហើយសម្លាប់សៀប នៅត្រង់ធុងគាបផ្លែទំពាំងបាយជូររបស់សៀប។ បន្ទាប់មក ពួកគេដេញតាមជនជាតិម៉ាឌានបន្តទៅទៀត រួចហើយគេយកក្បាលរបស់អូរិប និងសៀប ពីត្រើយម្ខាងទន្លេយ័រដាន់ មកជូនលោកគេឌាន។