27. លោកគេឌាននាំអ្នកបម្រើរបស់លោកដប់នាក់មក ហើយធ្វើតាមសេចក្ដីដែលព្រះអម្ចាស់បានបង្គាប់មកលោក ប៉ុន្តែ ដោយលោកខ្លាចក្រុមញាតិរបស់លោក និងខ្លាចអ្នកភូមិ លោកមិនហ៊ានធ្វើការនោះនៅពេលថ្ងៃទេ គឺលោកធ្វើនៅពេលយប់វិញ។
28. លុះព្រលឹមឡើង ពេលក្រោកពីដំណេក អ្នកភូមិឃើញអាសនៈរបស់ព្រះបាលរលំ ហើយបង្គោលរបស់ព្រះអាសេរ៉ាដែលនៅជិតនោះក៏ត្រូវគេកាប់ចោលដែរ ព្រមទាំងឃើញគោបាទីពីរដែលគេដុតជាយញ្ញបូជា នៅលើអាសនៈទើបនឹងសង់ទៀតផង។
29. គេសួរគ្នាទៅវិញទៅមកថា៖ «តើនរណាបានធ្វើការនេះ?»។ កាលស៊ើបសួរទៅ មានគេប្រាប់ថា៖ «គឺគេឌាន ជាកូនរបស់យ៉ូអាស បានធ្វើការនេះ»។
30. អ្នកភូមិពោលទៅកាន់លោកយ៉ូអាសថា៖ «ចូរនាំកូនរបស់អ្នកចេញមក វាត្រូវតែស្លាប់ ព្រោះវាបានរំលំអាសនៈរបស់ព្រះបាល ព្រមទាំងកាប់បង្គោលរបស់ព្រះអាសេរ៉ា ដែលនៅជិតនោះទៀតផង!»។
31. លោកយ៉ូអាសឆ្លើយទៅអស់អ្នកដែលនៅក្បែរលោកថា៖ «តើបងប្អូនឬដែលត្រូវមកតវ៉ាជំនួសព្រះបាល? តើបងប្អូនឬដែលជាអ្នកសង្គ្រោះព្រះបាល? អ្នកណាតវ៉ាជំនួសព្រះបាល អ្នកនោះនឹងត្រូវស្លាប់មុនព្រឹកស្អែក។ បើព្រះបាលពិតជាព្រះមែន ទុកឲ្យលោកតវ៉ាខ្លួនឯងផ្ទាល់ទៅ ព្រោះគេបានរំលំអាសនៈរបស់លោក!»។
32. ចាប់តាំងពីពេលនោះមក អ្នកភូមិហៅលោកគេឌានថា «យេរូបាល» ដោយពោលថា «សូមឲ្យព្រះបាលតវ៉ានឹងគាត់ទៅ ដ្បិតគាត់បានរំលំអាសនៈរបស់លោក»។
33. នៅគ្រានោះ ជនជាតិម៉ាឌានទាំងមូល ជនជាតិអាម៉ាឡេក និងពួកពនេចរដែលមកពីទិសខាងកើត បានប្រមូលផ្ដុំគ្នា ឆ្លងទន្លេយ័រដាន់ ហើយបោះទ័ពនៅត្រង់ជ្រលងភ្នំយេសរាល។
34. ព្រះវិញ្ញាណនៃព្រះអម្ចាស់យាងមកគង់ក្នុងលោកគេឌាន លោកក៏ផ្លុំស្នែង ដើម្បីកោះហៅប្រជាជនក្នុងអំបូរអបៀស៊ើរ ឲ្យមកតាមលោក។
35. លោកចាត់អ្នកនាំសារឲ្យទៅដែនដីរបស់កុលសម្ព័ន្ធម៉ាណាសេទាំងមូល ដើម្បីកេណ្ឌមនុស្សមកតាមលោក។ លោកបានចាត់អ្នកនាំសារឲ្យទៅដែនដីរបស់កុលសម្ព័ន្ធអេស៊ើរ សាប់យូឡូន និងណែបថាលីដែរ ហើយពួកគេក៏នាំគ្នាមករកលោក។
36. ពេលនោះ លោកគេឌានទូលព្រះអម្ចាស់ដូចតទៅ៖ «ព្រះអង្គមានព្រះបន្ទូលថា ទ្រង់នឹងសង្គ្រោះអ៊ីស្រាអែល តាមរយៈទូលបង្គំ