20. ទេវតាពោលមកលោកថា៖ «ចូរដាក់សាច់ និងនំប៉័ងឥតមេលើថ្មនេះទៅ រួចចាក់ទឹកសម្លពីលើផង»។ លោកគេឌានធ្វើតាម។
21. ទេវតារបស់ព្រះអម្ចាស់យកចុងដំបងដែលលោកកាន់ទៅពាល់សាច់ និងនំប៉័ងឥតមេ ពេលនោះ មានភ្លើងផុសចេញពីថ្ម ហើយឆេះសាច់ និងនំប៉័ងអស់ទៅ។ បន្ទាប់មក ទេវតារបស់ព្រះអម្ចាស់ក៏កំបាំងបាត់ទៅ។
22. ពេលនោះ លោកគេឌានដឹងថា ជាទេវតារបស់ព្រះអម្ចាស់ លោកពោលថា៖ «វីវរហើយ ព្រះជាអម្ចាស់អើយ! ដ្បិតទូលបង្គំបានឃើញទេវតារបស់ព្រះអង្គ ផ្ទាល់នឹងភ្នែក!»។
23. ព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា៖ «សុំឲ្យអ្នកបានប្រកបដោយសេចក្ដីសុខសាន្ត កុំខ្លាចអ្វីឡើយ អ្នកនឹងមិនស្លាប់ទេ»។
24. លោកគេឌានសង់អាសនៈមួយថ្វាយព្រះអម្ចាស់ ត្រង់កន្លែងនោះ ហើយដាក់ឈ្មោះថា៖ «ព្រះអម្ចាស់ប្រទានសេចក្ដីសុខសាន្ត»។ អាសនៈនេះនៅស្ថិតស្ថេររហូតដល់សព្វថ្ងៃ នាភូមិអូប្រា ជាភូមិរបស់អំបូរអបៀស៊ើរ។
25. នៅយប់ដដែលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកគេឌានថា៖ «ចូរយកគោបារបស់ឪពុកអ្នក គឺគោទីពីរ ដែលមានអាយុប្រាំពីរឆ្នាំ។ បន្ទាប់មក ចូររំលំអាសនៈព្រះបាលរបស់ឪពុកអ្នក ព្រមទាំងកាប់បំផ្លាញបង្គោលរបស់ព្រះអាសេរ៉ានៅក្បែរនោះផង។
26. បន្ទាប់មកទៀត ចូរសង់អាសនៈមួយដ៏សមរម្យថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នក នៅលើកំពូលភ្នំនោះ រួចយកគោបាទីពីរនោះមកដុតទាំងមូលធ្វើជាយញ្ញបូជា ដោយយកបង្គោលព្រះអាសេរ៉ា ដែលអ្នកបានកាប់នោះ មកធ្វើជាអុសសម្រាប់ដុត»។
27. លោកគេឌាននាំអ្នកបម្រើរបស់លោកដប់នាក់មក ហើយធ្វើតាមសេចក្ដីដែលព្រះអម្ចាស់បានបង្គាប់មកលោក ប៉ុន្តែ ដោយលោកខ្លាចក្រុមញាតិរបស់លោក និងខ្លាចអ្នកភូមិ លោកមិនហ៊ានធ្វើការនោះនៅពេលថ្ងៃទេ គឺលោកធ្វើនៅពេលយប់វិញ។
28. លុះព្រលឹមឡើង ពេលក្រោកពីដំណេក អ្នកភូមិឃើញអាសនៈរបស់ព្រះបាលរលំ ហើយបង្គោលរបស់ព្រះអាសេរ៉ាដែលនៅជិតនោះក៏ត្រូវគេកាប់ចោលដែរ ព្រមទាំងឃើញគោបាទីពីរដែលគេដុតជាយញ្ញបូជា នៅលើអាសនៈទើបនឹងសង់ទៀតផង។
29. គេសួរគ្នាទៅវិញទៅមកថា៖ «តើនរណាបានធ្វើការនេះ?»។ កាលស៊ើបសួរទៅ មានគេប្រាប់ថា៖ «គឺគេឌាន ជាកូនរបស់យ៉ូអាស បានធ្វើការនេះ»។