19. លោកគេឌានចូលទៅយកកូនពពែមួយមករៀបចំធ្វើម្ហូប និងយកម្សៅមួយថាំងមកធ្វើនំប៉័ងឥតមេ។ លោកស្រង់សាច់ដាក់ក្នុងកញ្ច្រែង ហើយដួសទឹកសម្លដាក់ក្នុងចានមួយ រួចយកទៅជូនទេវតារបស់ព្រះអម្ចាស់ នៅក្រោមដើមជ្រៃ។
20. ទេវតាពោលមកលោកថា៖ «ចូរដាក់សាច់ និងនំប៉័ងឥតមេលើថ្មនេះទៅ រួចចាក់ទឹកសម្លពីលើផង»។ លោកគេឌានធ្វើតាម។
21. ទេវតារបស់ព្រះអម្ចាស់យកចុងដំបងដែលលោកកាន់ទៅពាល់សាច់ និងនំប៉័ងឥតមេ ពេលនោះ មានភ្លើងផុសចេញពីថ្ម ហើយឆេះសាច់ និងនំប៉័ងអស់ទៅ។ បន្ទាប់មក ទេវតារបស់ព្រះអម្ចាស់ក៏កំបាំងបាត់ទៅ។
22. ពេលនោះ លោកគេឌានដឹងថា ជាទេវតារបស់ព្រះអម្ចាស់ លោកពោលថា៖ «វីវរហើយ ព្រះជាអម្ចាស់អើយ! ដ្បិតទូលបង្គំបានឃើញទេវតារបស់ព្រះអង្គ ផ្ទាល់នឹងភ្នែក!»។
23. ព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា៖ «សុំឲ្យអ្នកបានប្រកបដោយសេចក្ដីសុខសាន្ត កុំខ្លាចអ្វីឡើយ អ្នកនឹងមិនស្លាប់ទេ»។