11. គ្រានោះ ទេវតារបស់ព្រះអម្ចាស់បានមកភូមិអូប្រា អង្គុយនៅក្រោមដើមជ្រៃ ដែលជាកម្មសិទ្ធិរបស់លោកយ៉ូអាស ក្នុងអំបូរអបៀស៊ើរ។ ពេលនោះ លោកគេឌាន ជាកូនរបស់លោកយ៉ូអាស កំពុងតែបោកបែនស្រូវ ក្នុងធុងសម្រាប់គាបផ្លែទំពាំងបាយជូរ ដើម្បីកុំឲ្យជនជាតិម៉ាឌានឃើញ។
12. ទេវតារបស់ព្រះអម្ចាស់មកបង្ហាញខ្លួនឲ្យលោកគេឌានឃើញ ហើយពោលថា៖ «វីរជនដ៏អង់អាចអើយ ព្រះអម្ចាស់គង់នៅជាមួយអ្នកហើយ!»។
13. លោកគេឌានឆ្លើយតបវិញថា៖ «លោកម្ចាស់អើយ ប្រសិនបើព្រះអម្ចាស់គង់នៅជាមួយយើងមែន ហេតុអ្វីក៏ទុក្ខវេទនាទាំងនេះកើតមានដល់យើង? ឯណាទៅការអស្ចារ្យទាំងប៉ុន្មានដែលដូនតារបស់យើងតែងតែតំណាលប្រាប់ ទាំងបញ្ជាក់ថា ព្រះអម្ចាស់បាននាំយើងចេញពីស្រុកអេស៊ីបមកនោះ? ឥឡូវនេះ ព្រះអម្ចាស់បោះបង់ចោលយើងហើយ ព្រះអង្គបានប្រគល់យើងទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិម៉ាឌាន!»។
14. ព្រះអម្ចាស់ បែរមករកលោក ហើយមានព្រះបន្ទូលថា៖ «ដោយសារកម្លាំងដែលអ្នកមាន ចូរទៅសង្គ្រោះអ៊ីស្រាអែលឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិម៉ាឌាន គឺយើងចាត់អ្នកឲ្យទៅ!»។
15. លោកគេឌានឆ្លើយថា៖ «លោកម្ចាស់អើយ ធ្វើដូចម្ដេចឲ្យខ្ញុំប្របាទអាចសង្គ្រោះអ៊ីស្រាអែលបាន? ដ្បិតក្នុងកុលសម្ព័ន្ធម៉ាណាសេ អំបូររបស់ខ្ញុំប្របាទខ្សត់ខ្សោយជាងគេ ហើយក្នុងគ្រួសាររបស់ខ្ញុំប្របាទទៀតសោត ក៏ខ្ញុំប្របាទក្មេងជាងគេដែរ»។
16. ព្រះអម្ចាស់មានព្រះបន្ទូលមកលោកវិញថា៖ «យើងនឹងស្ថិតនៅជាមួយអ្នក ហើយអ្នកនឹងវាយឈ្នះជនជាតិម៉ាឌាន ដូចវាយជាមួយនឹងមនុស្សតែម្នាក់»។
17. លោកគេឌានទូលតបថា៖ «ប្រសិនបើលោកគាប់ចិត្តខ្ញុំប្របាទមែន សូមផ្ដល់ទីសម្គាល់មួយឲ្យខ្ញុំប្របាទបានដឹងថា លោកពិតជាព្រះអម្ចាស់ដែលកំពុងតែមានព្រះបន្ទូលមកខ្ញុំប្របាទមែន!
18. សូមលោកម្ចាស់កុំអញ្ជើញទៅណា ចាំខ្ញុំប្របាទត្រឡប់មកវិញ ទាំងនាំយកតង្វាយមកជូនផង»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងចាំនៅទីនេះរហូតដល់អ្នកត្រឡប់មកវិញ»។
19. លោកគេឌានចូលទៅយកកូនពពែមួយមករៀបចំធ្វើម្ហូប និងយកម្សៅមួយថាំងមកធ្វើនំប៉័ងឥតមេ។ លោកស្រង់សាច់ដាក់ក្នុងកញ្ច្រែង ហើយដួសទឹកសម្លដាក់ក្នុងចានមួយ រួចយកទៅជូនទេវតារបស់ព្រះអម្ចាស់ នៅក្រោមដើមជ្រៃ។
20. ទេវតាពោលមកលោកថា៖ «ចូរដាក់សាច់ និងនំប៉័ងឥតមេលើថ្មនេះទៅ រួចចាក់ទឹកសម្លពីលើផង»។ លោកគេឌានធ្វើតាម។