9. លោកស្រីដេបូរ៉ាតបថា៖ «បាន! ខ្ញុំនឹងទៅជាមួយលោក ប៉ុន្តែ លោកមិនបានទទួលកិត្តិយសក្នុងចំបាំងនេះទេ ដ្បិតព្រះអម្ចាស់នឹងប្រគល់ស៊ីសេរ៉ាមកក្នុងកណ្ដាប់ដៃមនុស្សស្រី»។ លោកស្រីដេបូរ៉ាក៏ធ្វើដំណើរជាមួយលោកបារ៉ាក់ទៅភូមិកេដែស។
10. នៅទីនោះ លោកបារ៉ាក់បានកោះហៅកុលសម្ព័ន្ធសាប់យូឡូន និងណែបថាលី ឲ្យមកជួបជុំគ្នានៅកេដែស។ មានមនុស្សមួយម៉ឺននាក់សម្រេចចិត្តទៅជាមួយលោក ហើយលោកស្រីដេបូរ៉ាក៏ទៅជាមួយដែរ។
11. លោកហេប៊ើរ ជាជនជាតិកែន បានបែកចេញពីជនជាតិកែនឯទៀតៗ ដែលជាពូជពង្សរបស់លោកហូបាប់ បងថ្លៃរបស់លោកម៉ូសេ។ គាត់បោះជំរំនៅក្បែរដើមជ្រៃស្អាណានឹម ជិតភូមិកេដែស។
12. មានគេជម្រាបលោកស៊ីសេរ៉ាថា លោកបារ៉ាក់ ជាកូនរបស់លោកអប៊ីណោម បានឡើងទៅលើភ្នំតាបោរ។
13. លោកស៊ីសេរ៉ាប្រមូលរទេះដែកទាំងប្រាំបួនរយគ្រឿង និងកងទ័ពទាំងអស់របស់គាត់ នៅហារ៉ូសេតកូយឹម ហើយចេញដំណើរឆ្ពោះទៅជ្រោះគីសូន។
14. ពេលនោះ លោកស្រីដេបូរ៉ាមានប្រសាសន៍ទៅកាន់លោកបារ៉ាក់ថា៖ «ចូរចេញទៅថ្ងៃនេះ ព្រះអម្ចាស់ប្រគល់ស៊ីសេរ៉ាមកក្នុងកណ្ដាប់ដៃរបស់លោកហើយ។ ព្រះអម្ចាស់ផ្ទាល់យាងនាំមុខលោក»។ លោកបារ៉ាក់ក៏ចុះពីភ្នំតាបោរ ដោយមានមនុស្សមួយម៉ឺននាក់ មកជាមួយលោកដែរ។
15. ព្រះអម្ចាស់បានធ្វើឲ្យលោកស៊ីសេរ៉ា ព្រមទាំងរទេះចំបាំង និងពលទាហានទាំងអស់របស់គាត់បាក់ទ័ព នៅមុខលោកបារ៉ាក់។ លោកស៊ីសេរ៉ាបោះបង់ចោលរទេះចំបាំងរបស់គាត់ ហើយរត់គេចខ្លួនទៅ។
16. លោកបារ៉ាក់ដេញតាមរទេះចំបាំង និងកងទ័ពខ្មាំង រហូតដល់ហារ៉ូសេតកូយឹម។ កងទ័ពទាំងមូលរបស់លោកស៊ីសេរ៉ាស្លាប់ដោយមុខដាវ គ្មានសល់ម្នាក់ឡើយ។
17. រីឯលោកស៊ីសេរ៉ាវិញ គាត់រត់គេចរហូតដល់តង់ត៍របស់នាងយ៉ាអែល ដែលត្រូវជាប្រពន្ធរបស់លោកហេប៊ើរ ជនជាតិកែន ដ្បិតព្រះបាទយ៉ាប៊ីន ជាស្ដេចក្រុងហាសោរ និងក្រុមគ្រួសារហេប៊ើរ មានទំនាក់ទំនងជាមួយគ្នាដោយមេត្រីភាព។
18. ពេលនោះ នាងយ៉ាអែលចេញមកទទួលលោកស៊ីសេរ៉ា ទាំងពោលថា៖ «សូមលោកម្ចាស់អញ្ជើញចូលក្នុងមក កុំភ័យខ្លាចអី!»។ លោកស៊ីសេរ៉ាក៏ចូលទៅក្នុងតង់ត៍ ហើយនាងនាំលោកទៅលាក់នៅក្នុងភួយ។
19. ខណៈនោះ លោកស៊ីសេរ៉ាពោលថា៖ «សូមអ្នកមេត្តាឲ្យទឹកខ្ញុំផឹកបន្តិច ដ្បិតខ្ញុំស្រេកទឹកណាស់»។ នាងបើកឆ្នុកថង់ស្បែកទឹកដោះ ជូនលោកស៊ីសេរ៉ាពិសា រួចគ្របភួយទៅវិញ។
20. លោកពោលទៀតថា៖ «សូមអ្នកទៅចាំនៅមាត់ទ្វារតង់ត៍ ប្រសិនបើមានគេមកសួរអ្នកថា “តើមាននរណាចូលមកទីនេះឬទេ?” នោះសូមឆ្លើយថា “គ្មានទេ”»។
21. ដោយនឿយហត់ខ្លាំងពេក លោកស៊ីសេរ៉ាក៏សម្រាន្ដលក់ទៅ។ នាងយ៉ាអែលយកញញួរ និងចម្រឹងដែក ហើយដើរលបៗចូលទៅជិតលោកស៊ីសេរ៉ា រួចបោះចម្រឹងនោះចំត្រង់សៀតផ្ការបស់លោកស៊ីសេរ៉ា ធ្លុះដល់ដី ហើយលោកក៏ស្លាប់ទៅ។
22. ពេលនោះ លោកបារ៉ាក់ដែលដេញតាមលោកស៊ីសេរ៉ាក៏មកដល់ នាងយ៉ាអែលចេញទៅជួបលោក ហើយពោលថា៖ «សូមអញ្ជើញមកណេះ ខ្ញុំនឹងបង្ហាញមនុស្ស ដែលលោកកំពុងតែរក»។ លោកបារ៉ាក់ចូលទៅក្នុងជំរំ ឃើញលោកស៊ីសេរ៉ាដេកស្លាប់ ដោយមានទាំងចម្រឹងដែកដោតជាប់នឹងសៀតផ្កា។