8. លោកបារ៉ាក់ឆ្លើយឡើងថា៖ «បើលោកស្រីអញ្ជើញទៅជាមួយខ្ញុំ ទើបខ្ញុំព្រមទៅ តែបើលោកស្រីមិនអញ្ជើញទៅទេ នោះខ្ញុំមិនព្រមទៅឡើយ»។
9. លោកស្រីដេបូរ៉ាតបថា៖ «បាន! ខ្ញុំនឹងទៅជាមួយលោក ប៉ុន្តែ លោកមិនបានទទួលកិត្តិយសក្នុងចំបាំងនេះទេ ដ្បិតព្រះអម្ចាស់នឹងប្រគល់ស៊ីសេរ៉ាមកក្នុងកណ្ដាប់ដៃមនុស្សស្រី»។ លោកស្រីដេបូរ៉ាក៏ធ្វើដំណើរជាមួយលោកបារ៉ាក់ទៅភូមិកេដែស។
10. នៅទីនោះ លោកបារ៉ាក់បានកោះហៅកុលសម្ព័ន្ធសាប់យូឡូន និងណែបថាលី ឲ្យមកជួបជុំគ្នានៅកេដែស។ មានមនុស្សមួយម៉ឺននាក់សម្រេចចិត្តទៅជាមួយលោក ហើយលោកស្រីដេបូរ៉ាក៏ទៅជាមួយដែរ។
11. លោកហេប៊ើរ ជាជនជាតិកែន បានបែកចេញពីជនជាតិកែនឯទៀតៗ ដែលជាពូជពង្សរបស់លោកហូបាប់ បងថ្លៃរបស់លោកម៉ូសេ។ គាត់បោះជំរំនៅក្បែរដើមជ្រៃស្អាណានឹម ជិតភូមិកេដែស។
12. មានគេជម្រាបលោកស៊ីសេរ៉ាថា លោកបារ៉ាក់ ជាកូនរបស់លោកអប៊ីណោម បានឡើងទៅលើភ្នំតាបោរ។
13. លោកស៊ីសេរ៉ាប្រមូលរទេះដែកទាំងប្រាំបួនរយគ្រឿង និងកងទ័ពទាំងអស់របស់គាត់ នៅហារ៉ូសេតកូយឹម ហើយចេញដំណើរឆ្ពោះទៅជ្រោះគីសូន។
14. ពេលនោះ លោកស្រីដេបូរ៉ាមានប្រសាសន៍ទៅកាន់លោកបារ៉ាក់ថា៖ «ចូរចេញទៅថ្ងៃនេះ ព្រះអម្ចាស់ប្រគល់ស៊ីសេរ៉ាមកក្នុងកណ្ដាប់ដៃរបស់លោកហើយ។ ព្រះអម្ចាស់ផ្ទាល់យាងនាំមុខលោក»។ លោកបារ៉ាក់ក៏ចុះពីភ្នំតាបោរ ដោយមានមនុស្សមួយម៉ឺននាក់ មកជាមួយលោកដែរ។