2. ហេតុនេះ ព្រះអម្ចាស់ប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទយ៉ាប៊ីន ជាស្ដេចស្រុកកាណាន ដែលគង់នៅក្រុងហាសោរ។ មេទ័ពរបស់ស្ដេចឈ្មោះស៊ីសេរ៉ា រស់នៅក្រុងហារ៉ូសេតកូយឹម។
3. ព្រះបាទយ៉ាប៊ីនមានរទេះដែកប្រាំបួនរយគ្រឿង ហើយសង្កត់សង្កិនជនជាតិអ៊ីស្រាអែលយ៉ាងខ្លាំង អស់រយៈពេលម្ភៃឆ្នាំ។ ហេតុនេះហើយបានជាជនជាតិអ៊ីស្រាអែលស្រែកអង្វរព្រះអម្ចាស់។
4. នៅជំនាន់នោះ លោកស្រីដេបូរ៉ា ជាព្យាការិនី និងជាភរិយារបស់លោកឡាពីដូត បានដឹកនាំជនជាតិអ៊ីស្រាអែល។
5. លោកស្រីដេបូរ៉ាតែងកាត់ក្ដីនៅក្រោមដើមលម៉ើ ដែលក្រោយមកគេហៅថាលម៉ើរបស់លោកស្រីដេបូរ៉ា ស្ថិតនៅចន្លោះភូមិរ៉ាម៉ា និងបេតអែល ក្នុងតំបន់ភ្នំអេប្រាអ៊ីម។ ជនជាតិអ៊ីស្រាអែលតែងតែឡើងទៅរកលោកស្រីដេបូរ៉ា ឲ្យជំនុំជម្រះរឿងរ៉ាវរបស់ពួកគេ។
6. ថ្ងៃមួយ លោកស្រីដេបូរ៉ាបានកោះហៅលោកបារ៉ាក់ ជាកូនរបស់លោកអប៊ីណោម ដែលរស់នៅភូមិកេដែស ក្នុងដែនដីណែបថាលី ហើយមានប្រសាសន៍ទៅគាត់ថា៖ «ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលមកលោកដូចតទៅ: “ចូរទៅកេណ្ឌមនុស្សមួយម៉ឺននាក់ ក្នុងកុលសម្ព័ន្ធណែបថាលី និងសាប់យូឡូន ហើយនាំគេឡើងទៅលើភ្នំតាបោរ។
7. យើងនឹងទាក់ទាញស៊ីសេរ៉ា ជាមេទ័ពរបស់ស្ដេចយ៉ាប៊ីន ព្រមទាំងរទេះចំបាំង និងកងទ័ពរបស់គេ ឲ្យមកច្បាំងនឹងអ្នកនៅត្រង់ទឹកជ្រោះគីសូន យើងនឹងប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នក”»។
8. លោកបារ៉ាក់ឆ្លើយឡើងថា៖ «បើលោកស្រីអញ្ជើញទៅជាមួយខ្ញុំ ទើបខ្ញុំព្រមទៅ តែបើលោកស្រីមិនអញ្ជើញទៅទេ នោះខ្ញុំមិនព្រមទៅឡើយ»។
9. លោកស្រីដេបូរ៉ាតបថា៖ «បាន! ខ្ញុំនឹងទៅជាមួយលោក ប៉ុន្តែ លោកមិនបានទទួលកិត្តិយសក្នុងចំបាំងនេះទេ ដ្បិតព្រះអម្ចាស់នឹងប្រគល់ស៊ីសេរ៉ាមកក្នុងកណ្ដាប់ដៃមនុស្សស្រី»។ លោកស្រីដេបូរ៉ាក៏ធ្វើដំណើរជាមួយលោកបារ៉ាក់ទៅភូមិកេដែស។
10. នៅទីនោះ លោកបារ៉ាក់បានកោះហៅកុលសម្ព័ន្ធសាប់យូឡូន និងណែបថាលី ឲ្យមកជួបជុំគ្នានៅកេដែស។ មានមនុស្សមួយម៉ឺននាក់សម្រេចចិត្តទៅជាមួយលោក ហើយលោកស្រីដេបូរ៉ាក៏ទៅជាមួយដែរ។
11. លោកហេប៊ើរ ជាជនជាតិកែន បានបែកចេញពីជនជាតិកែនឯទៀតៗ ដែលជាពូជពង្សរបស់លោកហូបាប់ បងថ្លៃរបស់លោកម៉ូសេ។ គាត់បោះជំរំនៅក្បែរដើមជ្រៃស្អាណានឹម ជិតភូមិកេដែស។
12. មានគេជម្រាបលោកស៊ីសេរ៉ាថា លោកបារ៉ាក់ ជាកូនរបស់លោកអប៊ីណោម បានឡើងទៅលើភ្នំតាបោរ។
13. លោកស៊ីសេរ៉ាប្រមូលរទេះដែកទាំងប្រាំបួនរយគ្រឿង និងកងទ័ពទាំងអស់របស់គាត់ នៅហារ៉ូសេតកូយឹម ហើយចេញដំណើរឆ្ពោះទៅជ្រោះគីសូន។
14. ពេលនោះ លោកស្រីដេបូរ៉ាមានប្រសាសន៍ទៅកាន់លោកបារ៉ាក់ថា៖ «ចូរចេញទៅថ្ងៃនេះ ព្រះអម្ចាស់ប្រគល់ស៊ីសេរ៉ាមកក្នុងកណ្ដាប់ដៃរបស់លោកហើយ។ ព្រះអម្ចាស់ផ្ទាល់យាងនាំមុខលោក»។ លោកបារ៉ាក់ក៏ចុះពីភ្នំតាបោរ ដោយមានមនុស្សមួយម៉ឺននាក់ មកជាមួយលោកដែរ។
15. ព្រះអម្ចាស់បានធ្វើឲ្យលោកស៊ីសេរ៉ា ព្រមទាំងរទេះចំបាំង និងពលទាហានទាំងអស់របស់គាត់បាក់ទ័ព នៅមុខលោកបារ៉ាក់។ លោកស៊ីសេរ៉ាបោះបង់ចោលរទេះចំបាំងរបស់គាត់ ហើយរត់គេចខ្លួនទៅ។