19. ខណៈនោះ លោកស៊ីសេរ៉ាពោលថា៖ «សូមអ្នកមេត្តាឲ្យទឹកខ្ញុំផឹកបន្តិច ដ្បិតខ្ញុំស្រេកទឹកណាស់»។ នាងបើកឆ្នុកថង់ស្បែកទឹកដោះ ជូនលោកស៊ីសេរ៉ាពិសា រួចគ្របភួយទៅវិញ។
20. លោកពោលទៀតថា៖ «សូមអ្នកទៅចាំនៅមាត់ទ្វារតង់ត៍ ប្រសិនបើមានគេមកសួរអ្នកថា “តើមាននរណាចូលមកទីនេះឬទេ?” នោះសូមឆ្លើយថា “គ្មានទេ”»។
21. ដោយនឿយហត់ខ្លាំងពេក លោកស៊ីសេរ៉ាក៏សម្រាន្ដលក់ទៅ។ នាងយ៉ាអែលយកញញួរ និងចម្រឹងដែក ហើយដើរលបៗចូលទៅជិតលោកស៊ីសេរ៉ា រួចបោះចម្រឹងនោះចំត្រង់សៀតផ្ការបស់លោកស៊ីសេរ៉ា ធ្លុះដល់ដី ហើយលោកក៏ស្លាប់ទៅ។
22. ពេលនោះ លោកបារ៉ាក់ដែលដេញតាមលោកស៊ីសេរ៉ាក៏មកដល់ នាងយ៉ាអែលចេញទៅជួបលោក ហើយពោលថា៖ «សូមអញ្ជើញមកណេះ ខ្ញុំនឹងបង្ហាញមនុស្ស ដែលលោកកំពុងតែរក»។ លោកបារ៉ាក់ចូលទៅក្នុងជំរំ ឃើញលោកស៊ីសេរ៉ាដេកស្លាប់ ដោយមានទាំងចម្រឹងដែកដោតជាប់នឹងសៀតផ្កា។
23. ថ្ងៃនោះ ព្រះអម្ចាស់បានបំបាក់មុខព្រះបាទយ៉ាប៊ីន ជាស្ដេចស្រុកកាណាន នៅចំពោះមុខជនជាតិអ៊ីស្រាអែល។
24. ជនជាតិអ៊ីស្រាអែលមានប្រៀបលើព្រះបាទយ៉ាប៊ីន ជាស្ដេចស្រុកកាណានកាន់តែខ្លាំងឡើងៗ ហើយនៅទីបំផុត គេក៏សម្លាប់ស្ដេចយ៉ាប៊ីនបាន។