11. លោកហេប៊ើរ ជាជនជាតិកែន បានបែកចេញពីជនជាតិកែនឯទៀតៗ ដែលជាពូជពង្សរបស់លោកហូបាប់ បងថ្លៃរបស់លោកម៉ូសេ។ គាត់បោះជំរំនៅក្បែរដើមជ្រៃស្អាណានឹម ជិតភូមិកេដែស។
12. មានគេជម្រាបលោកស៊ីសេរ៉ាថា លោកបារ៉ាក់ ជាកូនរបស់លោកអប៊ីណោម បានឡើងទៅលើភ្នំតាបោរ។
13. លោកស៊ីសេរ៉ាប្រមូលរទេះដែកទាំងប្រាំបួនរយគ្រឿង និងកងទ័ពទាំងអស់របស់គាត់ នៅហារ៉ូសេតកូយឹម ហើយចេញដំណើរឆ្ពោះទៅជ្រោះគីសូន។
14. ពេលនោះ លោកស្រីដេបូរ៉ាមានប្រសាសន៍ទៅកាន់លោកបារ៉ាក់ថា៖ «ចូរចេញទៅថ្ងៃនេះ ព្រះអម្ចាស់ប្រគល់ស៊ីសេរ៉ាមកក្នុងកណ្ដាប់ដៃរបស់លោកហើយ។ ព្រះអម្ចាស់ផ្ទាល់យាងនាំមុខលោក»។ លោកបារ៉ាក់ក៏ចុះពីភ្នំតាបោរ ដោយមានមនុស្សមួយម៉ឺននាក់ មកជាមួយលោកដែរ។
15. ព្រះអម្ចាស់បានធ្វើឲ្យលោកស៊ីសេរ៉ា ព្រមទាំងរទេះចំបាំង និងពលទាហានទាំងអស់របស់គាត់បាក់ទ័ព នៅមុខលោកបារ៉ាក់។ លោកស៊ីសេរ៉ាបោះបង់ចោលរទេះចំបាំងរបស់គាត់ ហើយរត់គេចខ្លួនទៅ។
16. លោកបារ៉ាក់ដេញតាមរទេះចំបាំង និងកងទ័ពខ្មាំង រហូតដល់ហារ៉ូសេតកូយឹម។ កងទ័ពទាំងមូលរបស់លោកស៊ីសេរ៉ាស្លាប់ដោយមុខដាវ គ្មានសល់ម្នាក់ឡើយ។