ចៅហ្វាយ 3:7-11 Khmer Standard Version (KHSV)

7. ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ។ ពួក​គេ​បំភ្លេច​ព្រះ‌អង្គ ហើយ​បែរ​ទៅ​គោរព​ព្រះ​បាល និង​ព្រះ‌អាស‌ថារ៉ូត​វិញ។

8. ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ជា​មួយ​ពួក​គេ ហើយ​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌បាទ​គូសាន-‌រីសា‌ថែម ជា​ស្ដេច​ស្រុក​អើរ៉ាម-‌ណាហា‌រេម។ ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​ជា​ចំណុះ​ស្ដេច​នោះ​អស់​រយៈ​ពេល​ប្រាំ​បី​ឆ្នាំ។

9. ជន‌ជាតិ​អ៊ីស្រា‌អែល​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ក៏​ធ្វើ​ឲ្យ​មាន​អ្នក​សង្គ្រោះ​មួយ​រូប​ងើប​ឡើង​សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​លោក​អូធ្នាល ជា​កូន​របស់​លោក​កេណាស ដែល​ត្រូវ​ជា​ប្អូន​របស់​លោក​កាលែប។

10. ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់​សណ្ឋិត​លើ​លោក​អូធ្នាល លោក​ក៏​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ប្រជា‌ជន​អ៊ីស្រា‌អែល។ លោក​អូធ្នាល​ចេញ​ទៅ​ច្បាំង ហើយ​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​លោក​មាន​ជ័យ‌ជំនះ ដោយ​ប្រគល់​ព្រះ‌បាទ​គូសាន-រីសា‌ថែម ជា​ស្ដេច​ស្រុក​អើ‌រ៉ាម-ណាហា‌រេម មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក។

11. ស្រុក​ទេស​បាន​សុខ‌សាន្ត‌ត្រាណ អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។ ក្រោយ​មក លោក​អូធ្នាល ជា​កូន​របស់​លោក​កេណាស ទទួល​មរណ‌ភាព​ទៅ។

ចៅហ្វាយ 3