6. គេយកកូនស្រីរបស់សាសន៍ទាំងនោះមកធ្វើជាប្រពន្ធ ហើយក៏លើកកូនស្រីរបស់ខ្លួនឲ្យរៀបការជាមួយកូនប្រុសរបស់សាសន៍ទាំងនោះ ព្រមទាំងនាំគ្នាគោរពថ្វាយបង្គំព្រះនៃសាសន៍ទាំងនោះថែមទៀតផង។
7. ជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះរបស់ពួកគេ។ ពួកគេបំភ្លេចព្រះអង្គ ហើយបែរទៅគោរពព្រះបាល និងព្រះអាសថារ៉ូតវិញ។
8. ព្រះអម្ចាស់ទ្រង់ព្រះពិរោធជាមួយពួកគេ ហើយប្រគល់គេទៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទគូសាន-រីសាថែម ជាស្ដេចស្រុកអើរ៉ាម-ណាហារេម។ ជនជាតិអ៊ីស្រាអែលនៅជាចំណុះស្ដេចនោះអស់រយៈពេលប្រាំបីឆ្នាំ។
9. ជនជាតិអ៊ីស្រាអែលស្រែកអង្វរព្រះអម្ចាស់ ព្រះអង្គក៏ធ្វើឲ្យមានអ្នកសង្គ្រោះមួយរូបងើបឡើងសង្គ្រោះជនជាតិអ៊ីស្រាអែល គឺលោកអូធ្នាល ជាកូនរបស់លោកកេណាស ដែលត្រូវជាប្អូនរបស់លោកកាលែប។
10. ព្រះវិញ្ញាណនៃព្រះអម្ចាស់សណ្ឋិតលើលោកអូធ្នាល លោកក៏ធ្វើជាមេដឹកនាំរបស់ប្រជាជនអ៊ីស្រាអែល។ លោកអូធ្នាលចេញទៅច្បាំង ហើយព្រះអម្ចាស់ប្រទានឲ្យលោកមានជ័យជំនះ ដោយប្រគល់ព្រះបាទគូសាន-រីសាថែម ជាស្ដេចស្រុកអើរ៉ាម-ណាហារេម មកក្នុងកណ្ដាប់ដៃរបស់លោក។
11. ស្រុកទេសបានសុខសាន្តត្រាណ អស់រយៈពេលសែសិបឆ្នាំ។ ក្រោយមក លោកអូធ្នាល ជាកូនរបស់លោកកេណាស ទទួលមរណភាពទៅ។
12. ជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់សាជាថ្មី។ ហេតុនេះ ព្រះអម្ចាស់បានពង្រឹងអំណាចរបស់ព្រះបាទអេក្លូន ជាស្ដេចស្រុកម៉ូអាប់ ឲ្យប្រឆាំងនឹងជនជាតិអ៊ីស្រាអែល។
13. ព្រះបាទអេក្លូនបានពួតដៃជាមួយជនជាតិអាំម៉ូន និងជនជាតិអាម៉ាឡេក ទៅច្បាំងនឹងអ៊ីស្រាអែល ហើយដណ្ដើមបានក្រុងដើមលម៉ើ។