26. ក្នុងរយៈពេលដែលគេរង់ចាំនោះ លោកអេហ៊ូដរត់ឆ្ងាយហួសរូបបដិមា ហើយទៅដល់តំបន់សៃរ៉ា។
27. ពេលទៅដល់ លោកផ្លុំស្នែងក្នុងតំបន់ភ្នំអេប្រាអ៊ីម ជនជាតិអ៊ីស្រាអែលចុះពីភ្នំទៅជាមួយលោក លោកក៏នាំមុខគេ។
28. លោកប្រកាសថា៖ «ចូរមកតាមខ្ញុំ ដ្បិតព្រះអម្ចាស់បានប្រគល់សាសន៍ម៉ូអាប់ ជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា មកក្នុងកណ្ដាប់ដៃអ្នករាល់គ្នាហើយ!»។ ពួកគេទៅជាមួយលោក ហើយវាយយកកន្លែងទឹករាក់ សម្រាប់ឆ្លងទន្លេយ័រដាន់ ពីជនជាតិម៉ូអាប់ ពួកគេមិនឲ្យនរណាម្នាក់ឆ្លងតាមនោះឡើយ។
29. នៅគ្រានោះ ពួកគេបានសម្លាប់ជនជាតិម៉ូអាប់ អស់ប្រហែលមួយម៉ឺននាក់ ដែលសុទ្ធតែជាអ្នកខ្លាំងពូកែ និងក្លាហានផង គឺឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ។
30. ចាប់តាំងពីពេលនោះមក ជនជាតិម៉ូអាប់ស្ថិតនៅក្រោមអំណាចត្រួតត្រារបស់ជនជាតិអ៊ីស្រាអែល ហើយស្រុកទេសក៏បានសុខសាន្តត្រាណ អស់រយៈពេលប៉ែតសិបឆ្នាំ។
31. បន្ទាប់ពីលោកអេហ៊ូដ លោកសាំកើរ ជាកូនរបស់លោកអណាត ក៏បានសង្គ្រោះជនជាតិអ៊ីស្រាអែលដែរ គឺលោកបានសម្លាប់ជនជាតិភីលីស្ទីនអស់ប្រាំមួយរយនាក់ ដោយប្រើជន្លួញគោ។