2. ព្រះអង្គគ្រាន់តែសព្វព្រះហឫទ័យឲ្យកូនចៅអ៊ីស្រាអែលជំនាន់ក្រោយ គឺពួកដែលមិនធ្លាប់ច្បាំងបានហាត់រៀនធ្វើសង្គ្រាម។
3. ប្រជាជាតិទាំងនោះមានដូចតទៅ: ជនជាតិភីលីស្ទីនទាំងប្រាំនគរ ជនជាតិកាណានទាំងអស់ ជនជាតិស៊ីដូន និងជនជាតិហេវី ដែលរស់នៅតាមតំបន់ភ្នំលីបង់ ចាប់តាំងពីភ្នំបាល-ហ៊ើរម៉ូន រហូតដល់ហាម៉ាត់។
4. ព្រះអម្ចាស់ទុកសាសន៍ទាំងនោះ ដើម្បីល្បងលមើលឲ្យដឹងថា តើជនជាតិអ៊ីស្រាអែលគោរពតាមបទបញ្ជា ដែលព្រះអង្គប្រទានមកបុព្វបុរសរបស់គេ តាមរយៈលោកម៉ូសេឬយ៉ាងណា។
5. ហេតុនេះហើយបានជាជនជាតិអ៊ីស្រាអែលរស់នៅក្នុងចំណោមជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស។
6. គេយកកូនស្រីរបស់សាសន៍ទាំងនោះមកធ្វើជាប្រពន្ធ ហើយក៏លើកកូនស្រីរបស់ខ្លួនឲ្យរៀបការជាមួយកូនប្រុសរបស់សាសន៍ទាំងនោះ ព្រមទាំងនាំគ្នាគោរពថ្វាយបង្គំព្រះនៃសាសន៍ទាំងនោះថែមទៀតផង។
7. ជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះរបស់ពួកគេ។ ពួកគេបំភ្លេចព្រះអង្គ ហើយបែរទៅគោរពព្រះបាល និងព្រះអាសថារ៉ូតវិញ។
8. ព្រះអម្ចាស់ទ្រង់ព្រះពិរោធជាមួយពួកគេ ហើយប្រគល់គេទៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទគូសាន-រីសាថែម ជាស្ដេចស្រុកអើរ៉ាម-ណាហារេម។ ជនជាតិអ៊ីស្រាអែលនៅជាចំណុះស្ដេចនោះអស់រយៈពេលប្រាំបីឆ្នាំ។
9. ជនជាតិអ៊ីស្រាអែលស្រែកអង្វរព្រះអម្ចាស់ ព្រះអង្គក៏ធ្វើឲ្យមានអ្នកសង្គ្រោះមួយរូបងើបឡើងសង្គ្រោះជនជាតិអ៊ីស្រាអែល គឺលោកអូធ្នាល ជាកូនរបស់លោកកេណាស ដែលត្រូវជាប្អូនរបស់លោកកាលែប។
10. ព្រះវិញ្ញាណនៃព្រះអម្ចាស់សណ្ឋិតលើលោកអូធ្នាល លោកក៏ធ្វើជាមេដឹកនាំរបស់ប្រជាជនអ៊ីស្រាអែល។ លោកអូធ្នាលចេញទៅច្បាំង ហើយព្រះអម្ចាស់ប្រទានឲ្យលោកមានជ័យជំនះ ដោយប្រគល់ព្រះបាទគូសាន-រីសាថែម ជាស្ដេចស្រុកអើរ៉ាម-ណាហារេម មកក្នុងកណ្ដាប់ដៃរបស់លោក។
11. ស្រុកទេសបានសុខសាន្តត្រាណ អស់រយៈពេលសែសិបឆ្នាំ។ ក្រោយមក លោកអូធ្នាល ជាកូនរបស់លោកកេណាស ទទួលមរណភាពទៅ។
12. ជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់សាជាថ្មី។ ហេតុនេះ ព្រះអម្ចាស់បានពង្រឹងអំណាចរបស់ព្រះបាទអេក្លូន ជាស្ដេចស្រុកម៉ូអាប់ ឲ្យប្រឆាំងនឹងជនជាតិអ៊ីស្រាអែល។
13. ព្រះបាទអេក្លូនបានពួតដៃជាមួយជនជាតិអាំម៉ូន និងជនជាតិអាម៉ាឡេក ទៅច្បាំងនឹងអ៊ីស្រាអែល ហើយដណ្ដើមបានក្រុងដើមលម៉ើ។
14. ជនជាតិអ៊ីស្រាអែលនៅចំណុះព្រះបាទអេក្លូន ជាស្ដេចស្រុកម៉ូអាប់ អស់រយៈពេលដប់ប្រាំបីឆ្នាំ។
15. ជនជាតិអ៊ីស្រាអែលស្រែកអង្វរព្រះអម្ចាស់ ព្រះអង្គក៏ធ្វើឲ្យមានអ្នកសង្គ្រោះមួយរូបងើបឡើងសង្គ្រោះពួកគេ គឺលោកអេហ៊ូដ ជាកូនរបស់លោកកេរ៉ា ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន លោកអេហ៊ូដប្រើតែដៃឆ្វេងប៉ុណ្ណោះ។ នៅគ្រានោះ ជនជាតិអ៊ីស្រាអែលចាត់លោកអេហ៊ូដឲ្យនាំសួយសារអាករទៅថ្វាយព្រះបាទអេក្លូន ជាស្ដេចស្រុកម៉ូអាប់។
16. លោកអេហ៊ូដធ្វើកាំបិតមុខពីរ ដែលមានប្រវែងប្រហែលមួយហត្ថ ហើយចងផ្អោបនឹងភ្លៅស្ដាំ លាក់ក្នុងសម្លៀកបំពាក់របស់លោក។
17. លោកនាំសួយសារអាករទៅថ្វាយព្រះបាទអេក្លូន ជាស្ដេចស្រុកម៉ូអាប់។ ព្រះបាទអេក្លូនធាត់ណាស់។