14. ជនជាតិអ៊ីស្រាអែលនៅចំណុះព្រះបាទអេក្លូន ជាស្ដេចស្រុកម៉ូអាប់ អស់រយៈពេលដប់ប្រាំបីឆ្នាំ។
15. ជនជាតិអ៊ីស្រាអែលស្រែកអង្វរព្រះអម្ចាស់ ព្រះអង្គក៏ធ្វើឲ្យមានអ្នកសង្គ្រោះមួយរូបងើបឡើងសង្គ្រោះពួកគេ គឺលោកអេហ៊ូដ ជាកូនរបស់លោកកេរ៉ា ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន លោកអេហ៊ូដប្រើតែដៃឆ្វេងប៉ុណ្ណោះ។ នៅគ្រានោះ ជនជាតិអ៊ីស្រាអែលចាត់លោកអេហ៊ូដឲ្យនាំសួយសារអាករទៅថ្វាយព្រះបាទអេក្លូន ជាស្ដេចស្រុកម៉ូអាប់។
16. លោកអេហ៊ូដធ្វើកាំបិតមុខពីរ ដែលមានប្រវែងប្រហែលមួយហត្ថ ហើយចងផ្អោបនឹងភ្លៅស្ដាំ លាក់ក្នុងសម្លៀកបំពាក់របស់លោក។
17. លោកនាំសួយសារអាករទៅថ្វាយព្រះបាទអេក្លូន ជាស្ដេចស្រុកម៉ូអាប់។ ព្រះបាទអេក្លូនធាត់ណាស់។
18. ក្រោយបានថ្វាយសួយសារអាកររួចហើយ លោកក៏វិលទៅវិញជាមួយអស់អ្នកដែលកាន់សួយសារអាករមក។
19. លុះមកដល់ត្រង់រូបបដិមា ដែលនៅជិតគីលកាល់ លោកបកក្រោយ ហើយទូលស្ដេចថា៖ «បពិត្រព្រះករុណា ទូលបង្គំមានកិច្ចការសម្ងាត់មួយទូលថ្វាយព្រះអង្គ»។ ស្ដេចបញ្ជាទៅអ្នកបម្រើឲ្យចេញទៅ អស់អ្នកដែលនៅជាមួយស្ដេចក៏នាំគ្នាចេញទៅ។
20. ពេលនោះ ស្ដេចគង់នៅក្នុងបន្ទប់ត្រជាក់ខាងលើ ជាកន្លែងលំហែកាយសម្រាប់ស្ដេចផ្ទាល់។ លោកអេហ៊ូដចូលទៅជិត ទូលថា៖ «ទូលបង្គំមានព្រះបន្ទូលពីព្រះអម្ចាស់ សម្រាប់ទូលថ្វាយព្រះករុណាផ្ទាល់!» ស្ដេចក៏ក្រោកពីកៅអី។
21. រំពេចនោះ លោកអេហ៊ូដលូកដៃឆ្វេងដកកាំបិត ដែលចងផ្អោបនៅភ្លៅស្ដាំ រួចចាក់ត្រង់ពោះស្ដេច
22. មុតកប់រហូតដល់ដង ហើយខ្លាញ់ពោះក៏បិទភ្ជិតកាំបិតនោះ។ លោកអេហ៊ូដមិនបានដកកាំបិតចេញមកវិញទេ។
23. បន្ទាប់មក លោកអេហ៊ូដបានបិទទ្វារបន្ទប់ និងចាក់សោយ៉ាងជិត រួចចេញមកក្រៅវិញ តាមច្រកខាងក្រោយ។
24. កាលលោកអេហ៊ូដចេញផុតទៅ អ្នកបម្រើមកដល់ ឃើញទ្វារបន្ទប់បិទជិត ពួកគេគិតគ្នាថា «ស្ដេចប្រហែលជាកំពុងតែដោះទុក្ខសត្វ នៅខាងក្នុងនោះហើយមើលទៅ!»។
25. គេនាំគ្នារង់ចាំ រហូតទាល់តែចាប់ផ្ដើមបារម្ភ ព្រោះមិនឃើញស្ដេចបើកទ្វារបន្ទប់។ ដូច្នេះ គេក៏យកសោទៅចាក់បើកទ្វារ ហើយឃើញម្ចាស់របស់គេសុគតនៅលើឥដ្ឋ។
26. ក្នុងរយៈពេលដែលគេរង់ចាំនោះ លោកអេហ៊ូដរត់ឆ្ងាយហួសរូបបដិមា ហើយទៅដល់តំបន់សៃរ៉ា។
27. ពេលទៅដល់ លោកផ្លុំស្នែងក្នុងតំបន់ភ្នំអេប្រាអ៊ីម ជនជាតិអ៊ីស្រាអែលចុះពីភ្នំទៅជាមួយលោក លោកក៏នាំមុខគេ។
28. លោកប្រកាសថា៖ «ចូរមកតាមខ្ញុំ ដ្បិតព្រះអម្ចាស់បានប្រគល់សាសន៍ម៉ូអាប់ ជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា មកក្នុងកណ្ដាប់ដៃអ្នករាល់គ្នាហើយ!»។ ពួកគេទៅជាមួយលោក ហើយវាយយកកន្លែងទឹករាក់ សម្រាប់ឆ្លងទន្លេយ័រដាន់ ពីជនជាតិម៉ូអាប់ ពួកគេមិនឲ្យនរណាម្នាក់ឆ្លងតាមនោះឡើយ។