ចៅហ្វាយ 3:12-25 Khmer Standard Version (KHSV)

12. ជន‌ជាតិ​អ៊ីស្រា‌អែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​សា​ជា​ថ្មី។ ហេតុ​នេះ ព្រះ‌អម្ចាស់​បាន​ពង្រឹង​អំណាច​របស់​ព្រះ‌បាទ​អេក្លូន ជា​ស្ដេច​ស្រុក​ម៉ូអាប់ ឲ្យ​ប្រឆាំង​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល។

13. ព្រះ‌បាទ​អេក្លូន​បាន​ពួត‌ដៃ​ជា​មួយ​ជន‌ជាតិ​អាំម៉ូន និង​ជន‌ជាតិ​អាម៉ា‌ឡេក ទៅ​ច្បាំង​នឹង​អ៊ីស្រា‌អែល ហើយ​ដណ្ដើម​បាន​ក្រុង​ដើម​លម៉ើ។

14. ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​ចំណុះ​ព្រះ‌បាទ​អេក្លូន ជា​ស្ដេច​ស្រុក​ម៉ូអាប់ អស់​រយៈ​ពេល​ដប់​ប្រាំ​បី​ឆ្នាំ។

15. ជន‌ជាតិ​អ៊ីស្រា‌អែល​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ក៏​ធ្វើ​ឲ្យ​មាន​អ្នក​សង្គ្រោះ​មួយ​រូប​ងើប​ឡើង​សង្គ្រោះ​ពួក​គេ គឺ​លោក​អេហ៊ូដ ជា​កូន​របស់​លោក​កេរ៉ា ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន លោក​អេហ៊ូដ​ប្រើ​តែ​ដៃ​ឆ្វេង​ប៉ុណ្ណោះ។ នៅ​គ្រា​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​ចាត់​លោក​អេហ៊ូដ​ឲ្យ​នាំ​សួយសារ‌អាករ​ទៅ​ថ្វាយ​ព្រះ‌បាទ​អេក្លូន ជា​ស្ដេច​ស្រុក​ម៉ូអាប់។

16. លោក​អេហ៊ូដ​ធ្វើ​កាំ​បិត​មុខ​ពីរ ដែល​មាន​ប្រវែង​ប្រហែល​មួយ​ហត្ថ ហើយ​ចង​ផ្អោប​នឹង​ភ្លៅ​ស្ដាំ លាក់​ក្នុង​សម្លៀក‌បំពាក់​របស់​លោក។

17. លោក​នាំ​សួយសារ‌អាករ​ទៅ​ថ្វាយ​ព្រះ‌បាទ​អេក្លូន ជា​ស្ដេច​ស្រុក​ម៉ូអាប់។ ព្រះ‌បាទ​អេក្លូន​ធាត់​ណាស់។

18. ក្រោយ​បាន​ថ្វាយ​សួយសារ‌អាករ​រួច​ហើយ លោក​ក៏​វិល​ទៅ​វិញ​ជា​មួយ​អស់​អ្នក​ដែល​កាន់​សួយសារ‌អាករ​មក។

19. លុះ​មក​ដល់​ត្រង់​រូប​បដិមា ដែល​នៅ​ជិត​គីល‌កាល់ លោក​បក​ក្រោយ ហើយ​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌ករុណា ទូលបង្គំ​មាន​កិច្ចការ​សម្ងាត់​មួយ​ទូល​ថ្វាយ​ព្រះ‌អង្គ»។ ស្ដេច​បញ្ជា​ទៅ​អ្នក​បម្រើ​ឲ្យ​ចេញ​ទៅ អស់​អ្នក​ដែល​នៅ​ជា​មួយ​ស្ដេច​ក៏​នាំ​គ្នា​ចេញ​ទៅ។

20. ពេល​នោះ ស្ដេច​គង់​នៅ​ក្នុង​បន្ទប់​ត្រជាក់​ខាង​លើ ជា​កន្លែង​លំហែ​កាយ​សម្រាប់​ស្ដេច​ផ្ទាល់។ លោក​អេហ៊ូដ​ចូល​ទៅ​ជិត ទូល​ថា៖ «ទូលបង្គំ​មាន​ព្រះ‌បន្ទូល​ពី​ព្រះ‌អម្ចាស់ សម្រាប់​ទូល​ថ្វាយ​ព្រះ‌ករុណា​ផ្ទាល់!» ស្ដេច​ក៏​ក្រោក​ពី​កៅ‌អី។

21. រំពេច​នោះ លោក​អេហ៊ូដ​លូក​ដៃ​ឆ្វេង​ដក​កាំបិត ដែល​ចង​ផ្អោប​នៅ​ភ្លៅ​ស្ដាំ រួច​ចាក់​ត្រង់​ពោះ​ស្ដេច

22. មុត​កប់​រហូត​ដល់​ដង ហើយ​ខ្លាញ់​ពោះ​ក៏​បិទ​ភ្ជិត​កាំបិត​នោះ។ លោក​អេហ៊ូដ​មិន​បាន​ដក​កាំបិត​ចេញ​មក​វិញ​ទេ។

23. បន្ទាប់​មក លោក​អេហ៊ូដ​បាន​បិទ​ទ្វារ​បន្ទប់ និង​ចាក់​សោ​យ៉ាង​ជិត រួច​ចេញ​មក​ក្រៅ​វិញ តាម​ច្រក​ខាង​ក្រោយ។

24. កាល​លោក​អេហ៊ូដ​ចេញ​ផុត​ទៅ អ្នក​បម្រើ​មក​ដល់ ឃើញ​ទ្វារ​បន្ទប់​បិទ​ជិត ពួក​គេ​គិត​គ្នា​ថា «ស្ដេច​ប្រហែល​ជា​កំពុង​តែ​ដោះ​ទុក្ខ​សត្វ នៅ​ខាង​ក្នុង​នោះ​ហើយ​មើល​ទៅ!»។

25. គេ​នាំ​គ្នា​រង់‌ចាំ រហូត​ទាល់​តែ​ចាប់​ផ្ដើម​បារម្ភ ព្រោះ​មិន​ឃើញ​ស្ដេច​បើក​ទ្វារ​បន្ទប់។ ដូច្នេះ គេ​ក៏​យក​សោ​ទៅ​ចាក់​បើក​ទ្វារ ហើយ​ឃើញ​ម្ចាស់​របស់​គេ​សុគត​នៅ​លើ​ឥដ្ឋ។

ចៅហ្វាយ 3