7. តើយើងត្រូវធ្វើដូចម្ដេច ដើម្បីរកប្រពន្ធឲ្យពួកបេនយ៉ាមីនដែលនៅរស់ ដ្បិតយើងបានស្បថក្នុងព្រះនាមព្រះអម្ចាស់ ថាមិនលើកកូនស្រីរបស់យើងទៅឲ្យពួកគេធ្វើជាប្រពន្ធឡើយ»។
8. គេសួរគ្នាទៀតថា៖ «តើមានក្រុមណាមួយ ក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែលមិនបានមកថ្វាយបង្គំព្រះអម្ចាស់នៅមីសប៉ាឬទេ?»។ គេរកឃើញថា គ្មាននរណាម្នាក់នៅភូមិយ៉ាបេស ក្នុងស្រុកកាឡាដ មកបោះជំរំរួមជាមួយអង្គប្រជុំឡើយ
9. ដ្បិតនៅពេលរាប់ចំនួនប្រជាជនដែលចូលរួមនោះ គេពុំឃើញមាននរណាម្នាក់មកពីភូមិយ៉ាបេសទាល់តែសោះ។
10. ដូច្នេះ អង្គប្រជុំក៏ចាត់ទាហានដ៏ខ្លាំងពូកែចំនួនមួយម៉ឺនពីរពាន់នាក់ ឲ្យទៅភូមិយ៉ាបេស ដោយបញ្ជាថា៖ «ចូរទៅប្រហារអ្នកភូមិយ៉ាបេស ក្នុងស្រុកកាឡាដ ដោយមុខដាវ រួមទាំងស្ត្រី និងក្មេងៗផង។
11. ត្រូវធ្វើដូចតទៅ គឺសម្លាប់ប្រុសៗទាំងអស់ និងស្ត្រីដែលមានប្ដីរួចហើយទាំងអស់ដែរ»។
12. ក្នុងចំណោមប្រជាជនភូមិយ៉ាបេស គេឃើញមានស្ត្រីក្រមុំព្រហ្មចារីចំនួនបួនរយនាក់។ ពួកគេក៏នាំស្ត្រីក្រមុំទាំងនោះទៅជំរំស៊ីឡូ ក្នុងស្រុកកាណាន។
13. បន្ទាប់មក សហគមន៍ទាំងមូលបានចាត់អ្នកនាំពាក្យ ឲ្យទៅនិយាយជាមួយកូនចៅបេនយ៉ាមីន ដែលភៀសខ្លួនទៅនៅត្រង់ផ្ទាំងថ្មរីម៉ូន នោះថា អ៊ីស្រាអែលលើកលែងទោសឲ្យពួកគេហើយ។
14. នៅគ្រានោះ ពួកបេនយ៉ាមីនក៏នាំគ្នាវិលត្រឡប់មកទីលំនៅរបស់គេវិញ ហើយជនជាតិអ៊ីស្រាអែលបានប្រគល់ស្ត្រីនៅភូមិយ៉ាបេស ដែលគេមិនបានសម្លាប់ ឲ្យពួកបេនយ៉ាមីនធ្វើជាប្រពន្ធ។ ប៉ុន្តែ ស្ត្រីទាំងនោះមានចំនួនមិនគ្រប់គ្រាន់សម្រាប់ពួកគេទាំងអស់គ្នាទេ។
15. ជនជាតិអ៊ីស្រាអែលស្ដាយកុលសម្ព័ន្ធបេនយ៉ាមីនណាស់ ព្រោះព្រះអម្ចាស់បានបំបាត់ពួកគេពីក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែល។