1. ជនជាតិអ៊ីស្រាអែលបានជួបជុំគ្នានៅមីសប៉ា ហើយស្បថថា៖ «ក្នុងចំណោមពួកយើង មិនត្រូវឲ្យនរណាម្នាក់លើកកូនស្រីខ្លួនទៅឲ្យពួកបេនយ៉ាមីន ធ្វើជាប្រពន្ធឡើយ»។
2. ប្រជាជនអ៊ីស្រាអែលចេញទៅបេតអែល ហើយអង្គុយនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ រហូតដល់ល្ងាច ពួកគេយំសោកសង្រេងយ៉ាងខ្លាំង។
3. គេទូលព្រះអង្គថា៖ «ឱព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលអើយ! ហេតុអ្វីបានជាមានរឿងបែបនេះកើតឡើងចំពោះជនជាតិអ៊ីស្រាអែល? ហេតុអ្វីបានជាថ្ងៃនេះជនជាតិអ៊ីស្រាអែលត្រូវបាត់បង់កុលសម្ព័ន្ធមួយ?»។
4. ស្អែកឡើង ប្រជាជននាំគ្នាក្រោកឡើងពីព្រលឹម ពួកគេសង់អាសនៈមួយនៅទីនោះ ហើយយកសត្វមកថ្វាយជាតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព។
5. បន្ទាប់មក ជនជាតិអ៊ីស្រាអែលក៏សួរគ្នាទៅវិញទៅមកថា៖ «ក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ តើមានក្រុមណាមួយមិនបានមករួមប្រជុំ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់នៅមីសប៉ាឬទេ?»។ គេសួរដូច្នេះ ព្រោះគេបានស្បថយ៉ាងឱឡារិកថា អ្នកដែលមិនបានមករួមប្រជុំនៅមីសប៉ានឹងត្រូវស្លាប់។
6. ម្យ៉ាងទៀត ជនជាតិអ៊ីស្រាអែលស្ដាយកុលសម្ព័ន្ធបេនយ៉ាមីន ដែលជាបងប្អូនរបស់ពួកគេ ហើយនិយាយថា៖ «ថ្ងៃនេះ ជនជាតិអ៊ីស្រាអែលកំពុងតែបាត់កុលសម្ព័ន្ធមួយ។
7. តើយើងត្រូវធ្វើដូចម្ដេច ដើម្បីរកប្រពន្ធឲ្យពួកបេនយ៉ាមីនដែលនៅរស់ ដ្បិតយើងបានស្បថក្នុងព្រះនាមព្រះអម្ចាស់ ថាមិនលើកកូនស្រីរបស់យើងទៅឲ្យពួកគេធ្វើជាប្រពន្ធឡើយ»។
8. គេសួរគ្នាទៀតថា៖ «តើមានក្រុមណាមួយ ក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែលមិនបានមកថ្វាយបង្គំព្រះអម្ចាស់នៅមីសប៉ាឬទេ?»។ គេរកឃើញថា គ្មាននរណាម្នាក់នៅភូមិយ៉ាបេស ក្នុងស្រុកកាឡាដ មកបោះជំរំរួមជាមួយអង្គប្រជុំឡើយ
9. ដ្បិតនៅពេលរាប់ចំនួនប្រជាជនដែលចូលរួមនោះ គេពុំឃើញមាននរណាម្នាក់មកពីភូមិយ៉ាបេសទាល់តែសោះ។
10. ដូច្នេះ អង្គប្រជុំក៏ចាត់ទាហានដ៏ខ្លាំងពូកែចំនួនមួយម៉ឺនពីរពាន់នាក់ ឲ្យទៅភូមិយ៉ាបេស ដោយបញ្ជាថា៖ «ចូរទៅប្រហារអ្នកភូមិយ៉ាបេស ក្នុងស្រុកកាឡាដ ដោយមុខដាវ រួមទាំងស្ត្រី និងក្មេងៗផង។