7. ឥឡូវនេះ បងប្អូនទាំងអស់គ្នាដែលជាជនជាតិអ៊ីស្រាអែលអើយ សូមបងប្អូនពិភាក្សាគ្នានៅទីនេះ ហើយធ្វើការសម្រេចចិត្តចុះ!»។
8. ប្រជាជនទាំងមូលក៏ក្រោកឈរឡើង ស្រុះគ្នាដូចមនុស្សតែម្នាក់ ដោយពោលថា៖ «ក្នុងចំណោមពួកយើង គ្មាននរណាម្នាក់វិលត្រឡប់ទៅកាន់ទីលំនៅរបស់ខ្លួនវិញឡើយ ទោះបីអ្នកនោះរស់នៅក្នុងជំរំក្ដី ឬក្នុងផ្ទះក្ដី។
9. យើងត្រូវប្រព្រឹត្តចំពោះអ្នកក្រុងគីបៀរដូចតទៅនេះ គឺយើងនឹងទៅវាយពួកគេ ដោយចាប់ឆ្នោត។
10. យើងត្រូវជ្រើសរើសមនុស្សមួយភាគដប់ពីក្នុងកុលសម្ព័ន្ធទាំងប៉ុន្មាននៃជនជាតិអ៊ីស្រាអែល ដើម្បីឲ្យគេទទួលខុសត្រូវផ្នែកខាងរកស្បៀងអាហារសម្រាប់ពលទ័ព ដែលនឹងចេញទៅវាយពួកបេនយ៉ាមីននៅក្រុងគីបៀរ ដើម្បីដាក់ទណ្ឌកម្មដល់ពួកគេ ចំពោះអំពើដ៏ថោកទាប ដែលគេបានប្រព្រឹត្តនៅស្រុកអ៊ីស្រាអែល»។
11. ដូច្នេះ ប្រជាជនអ៊ីស្រាអែលទាំងមូលមានចិត្តគំនិតតែមួយ លើកគ្នាប្រឆាំងនឹងអ្នកក្រុងគីបៀរ។
12. កុលសម្ព័ន្ធទាំងឡាយនៃជនជាតិអ៊ីស្រាអែលបានចាត់អ្នកនាំសារឲ្យទៅគ្រប់អំបូរ ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន សួរថា៖ «ហេតុអ្វីបានជាមានអំពើឧក្រិដ្ឋបែបនេះកើតឡើង ក្នុងចំណោមអ្នករាល់គ្នា?
13. ឥឡូវនេះ ចូរប្រគល់ជនពាលទាំងនោះនៅគីបៀរមក យើងនឹងសម្លាប់ពួកគេ ដើម្បីបោសសម្អាតអំពើអាក្រក់ ចេញពីក្នុងចំណោមប្រជាជនអ៊ីស្រាអែល»។ ប៉ុន្តែ កូនចៅបេនយ៉ាមីនមិនព្រមស្ដាប់ជនជាតិអ៊ីស្រាអែល ជាបងប្អូនរបស់ខ្លួនឡើយ។
14. កូនចៅបេនយ៉ាមីនក៏ចេញពីក្រុងទាំងប៉ុន្មានរបស់ពួកគេ ហើយមកប្រមូលផ្ដុំគ្នានៅក្រុងគីបៀរ ដើម្បីប្រយុទ្ធតទល់នឹងជនជាតិអ៊ីស្រាអែល។
15. នៅថ្ងៃនោះ ទាហានបេនយ៉ាមីនដែលគេបានកេណ្ឌមកពីក្រុងនានា ប្រដាប់ដោយដាវ មានចំនួនពីរម៉ឺនប្រាំមួយពាន់នាក់ ឥតរាប់ទាហានដ៏ជំនាញៗចំនួនប្រាំពីររយនាក់ពីក្រុងគីបៀរទេ។
16. ក្នុងចំណោមពួកគេ មានទាហានដ៏ជំនាញៗចំនួនប្រាំពីររយនាក់ ដែលប្រើតែដៃឆ្វេង។ អ្នកទាំងនោះអាចប្រើដង្ហក់ចោលដុំគ្រួស សូម្បីតែសក់មួយសរសៃក៏ចោលឥតខុសឡើយ។
17. រីឯទាហានរបស់កុលសម្ព័ន្ធអ៊ីស្រាអែលឯទៀតៗ ក្រៅពីកុលសម្ព័ន្ធបេនយ៉ាមីន មានបួនសែននាក់ដែលប្រដាប់ដោយដាវ ហើយសុទ្ធតែជាអ្នកចំបាំងដ៏ស្ទាត់ជំនាញ។