29. ជនជាតិអ៊ីស្រាអែលបានបង្កប់ទ័ពឆ្មក់នៅជុំវិញក្រុងគីបៀរ។
30. នៅថ្ងៃទីបី ពួកគេចេញទៅប្រយុទ្ធនឹងកូនចៅបេនយ៉ាមីនដោយតំរៀបទ័ពនៅមុខក្រុងគីបៀរ ដូចលើកមុនដែរ។
31. ពេលនោះ កូនចៅបេនយ៉ាមីនក៏ចេញមកប្រយុទ្ធនឹងប្រជាជនអ៊ីស្រាអែល ហើយទ័ពអ៊ីស្រាអែលបាននាំពួកគេចេញឆ្ងាយពីក្រុង។ កងទ័ពបេនយ៉ាមីនប្រហារជីវិតទាហានអ៊ីស្រាអែល ដូចលើកមុនដែរ គឺពួកគេសម្លាប់ទាហានអ៊ីស្រាអែលអស់ចំនួនសាមសិបនាក់ ក្នុងវាលស្រែដែលស្ថិតនៅតាមផ្លូវទៅបេតអែល និងតាមផ្លូវទៅក្រុងគីបៀរ។
32. កូនចៅបេនយ៉ាមីនពោលថា៖ «មើលហ្ន៎! ពួកវាបាក់ទ័ពដូចគ្រាមុនទៀតហើយ!»។ រីឯជនជាតិអ៊ីស្រាអែលវិញ គេពោលថា៖ «យើងនាំគ្នារត់ទៅ ដើម្បីទាក់ទាញពួកវាចេញឲ្យឆ្ងាយពីក្រុង»។
33. បន្ទាប់មក កងទ័ពអ៊ីស្រាអែលបានចេញពីកន្លែងរៀងៗខ្លួន មកប្រមូលផ្ដុំគ្នានៅបាល-តាម៉ារ រីឯទ័ពឆ្មក់ដែលបង្កប់ខ្លួន ក៏ស្ទុះចេញពីកន្លែងលាក់ខ្លួននៅត្រង់វាលទំនាបគីបៀរមកដែរ។
34. ទាហានដ៏ចំណានៗចំនួនមួយម៉ឺននាក់ ដែលគេបានជ្រើសរើសពីក្នុងចំណោមកងទ័ពអ៊ីស្រាអែលទាំងមូល ក៏លើកគ្នាមកដល់មុខក្រុងគីបៀរ។ ពេលនោះ ការប្រយុទ្ធមួយដ៏សាហាវបានចាប់ផ្ដើមឡើង ប៉ុន្តែ ពួកបេនយ៉ាមីនពុំដឹងខ្លួនថា នឹងមានមហន្តរាយមួយកើតឡើងចំពោះពួកគេទេ។
35. ព្រះអម្ចាស់បានធ្វើឲ្យបេនយ៉ាមីនបាក់ទ័ព ហើយនៅថ្ងៃនោះ ជនជាតិអ៊ីស្រាអែលបានសម្លាប់ទាហានបេនយ៉ាមីន ដែលប្រដាប់ដោយដាវ អស់ចំនួនពីរម៉ឺនប្រាំពាន់មួយរយនាក់។
36. ពេលនោះ កូនចៅបេនយ៉ាមីនដឹងខ្លួនថា ពួកគេចាញ់ហើយ ដ្បិតនៅពេលជនជាតិអ៊ីស្រាអែលនាំគ្នារត់នោះ គឺមកពីគេទុកចិត្តលើអន្តរាគមន៍របស់ទ័ពឆ្មក់ដែលបង្កប់ខ្លួន នៅជុំវិញក្រុងគីបៀរ។
37. ទ័ពឆ្មក់វាយសម្រុកយ៉ាងលឿនចូលក្នុងក្រុងគីបៀរ ហើយចាប់យកទីក្រុង ព្រមទាំងសម្លាប់រង្គាលអ្នកក្រុងនោះទៀតផង។
38. កងទ័ពអ៊ីស្រាអែលទាំងមូលបានសន្មតគ្នាជាមួយទ័ពឆ្មក់ថា នៅពេលមានផ្សែងហុយឡើងពីទីក្រុង
39. កងទ័ពដែលរត់នៅមុខកងទ័ពបេនយ៉ាមីន ត្រូវបកក្រោយវិញ។ កងទ័ពបេនយ៉ាមីនសម្លាប់ទាហានអ៊ីស្រាអែលអស់ប្រមាណជាសាមសិបនាក់ ហើយពួកគេនឹកគិតថា៖ «ពួកវាប្រាកដជាបាក់ទ័ពរត់នៅមុខយើង ដូចលើកមុនដែរ!»។
40. ពេលនោះ ស្រាប់តែមានផ្សែងហុយឡើងយ៉ាងខ្មួលខ្មាញ់ពីទីក្រុង។ កងទ័ពបេនយ៉ាមីនក្រឡេកមើលក្រោយឃើញភ្លើងឆេះយ៉ាងសន្ធោសន្ធៅចេញពីទីក្រុងទាំងមូល។