25. នៅថ្ងៃទីពីរនេះ កូនចៅបេនយ៉ាមីនចេញពីក្រុងគីបៀរ មកវាយពលទាហានអ៊ីស្រាអែល ហើយប្រហារជីវិតពួកគេនៅលើសមរភូមិនោះ អស់ចំនួនមួយម៉ឺនប្រាំបីពាន់នាក់ ដែលសុទ្ធតែជាទាហានប្រដាប់ដោយដាវ។
26. ដូច្នេះ ប្រជាជនអ៊ីស្រាអែលទាំងមូលនាំគ្នាឡើងទៅឯបេតអែល អង្គុយយំសោកនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ ថ្ងៃនោះ ពួកគេបានតមអាហាររហូតដល់ល្ងាច។ ពួកគេបានយកសត្វមកថ្វាយជាតង្វាយដុត*ទាំងមូល និងយញ្ញបូជាមេត្រីភាព*ចំពោះព្រះអម្ចាស់។
27. ជនជាតិអ៊ីស្រាអែលទូលសួរព្រះអម្ចាស់ ដ្បិតគ្រានោះ ហិបនៃសម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់ស្ថិតនៅបេតអែល
28. ហើយមានលោកភីនេហាស ជាកូនរបស់លោកអេឡាសារ និងជាចៅរបស់លោកអើរ៉ុន ជាអ្នកបម្រើព្រះអង្គនៅទីនោះ។ ជនជាតិអ៊ីស្រាអែលទូលសួរព្រះអម្ចាស់ថា៖ «តើយើងខ្ញុំត្រូវទៅប្រយុទ្ធទល់នឹងពួកបេនយ៉ាមីន ជាបងប្អូនរបស់យើងខ្ញុំទៀត ឬយើងខ្ញុំត្រូវនៅស្ងៀម?»។ ព្រះអម្ចាស់ឆ្លើយតបមកវិញថា៖ «ចូរចេញទៅចុះ ស្អែកយើងនឹងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នាហើយ»។
29. ជនជាតិអ៊ីស្រាអែលបានបង្កប់ទ័ពឆ្មក់នៅជុំវិញក្រុងគីបៀរ។
30. នៅថ្ងៃទីបី ពួកគេចេញទៅប្រយុទ្ធនឹងកូនចៅបេនយ៉ាមីនដោយតំរៀបទ័ពនៅមុខក្រុងគីបៀរ ដូចលើកមុនដែរ។
31. ពេលនោះ កូនចៅបេនយ៉ាមីនក៏ចេញមកប្រយុទ្ធនឹងប្រជាជនអ៊ីស្រាអែល ហើយទ័ពអ៊ីស្រាអែលបាននាំពួកគេចេញឆ្ងាយពីក្រុង។ កងទ័ពបេនយ៉ាមីនប្រហារជីវិតទាហានអ៊ីស្រាអែល ដូចលើកមុនដែរ គឺពួកគេសម្លាប់ទាហានអ៊ីស្រាអែលអស់ចំនួនសាមសិបនាក់ ក្នុងវាលស្រែដែលស្ថិតនៅតាមផ្លូវទៅបេតអែល និងតាមផ្លូវទៅក្រុងគីបៀរ។
32. កូនចៅបេនយ៉ាមីនពោលថា៖ «មើលហ្ន៎! ពួកវាបាក់ទ័ពដូចគ្រាមុនទៀតហើយ!»។ រីឯជនជាតិអ៊ីស្រាអែលវិញ គេពោលថា៖ «យើងនាំគ្នារត់ទៅ ដើម្បីទាក់ទាញពួកវាចេញឲ្យឆ្ងាយពីក្រុង»។
33. បន្ទាប់មក កងទ័ពអ៊ីស្រាអែលបានចេញពីកន្លែងរៀងៗខ្លួន មកប្រមូលផ្ដុំគ្នានៅបាល-តាម៉ារ រីឯទ័ពឆ្មក់ដែលបង្កប់ខ្លួន ក៏ស្ទុះចេញពីកន្លែងលាក់ខ្លួននៅត្រង់វាលទំនាបគីបៀរមកដែរ។
34. ទាហានដ៏ចំណានៗចំនួនមួយម៉ឺននាក់ ដែលគេបានជ្រើសរើសពីក្នុងចំណោមកងទ័ពអ៊ីស្រាអែលទាំងមូល ក៏លើកគ្នាមកដល់មុខក្រុងគីបៀរ។ ពេលនោះ ការប្រយុទ្ធមួយដ៏សាហាវបានចាប់ផ្ដើមឡើង ប៉ុន្តែ ពួកបេនយ៉ាមីនពុំដឹងខ្លួនថា នឹងមានមហន្តរាយមួយកើតឡើងចំពោះពួកគេទេ។