2. ពួកមេដឹកនាំនៃកុលសម្ព័ន្ធទាំងប៉ុន្មានរបស់ប្រជាជនអ៊ីស្រាអែល សុទ្ធតែមានវត្តមានក្នុងអង្គប្រជុំនៃប្រជាជនរបស់ព្រះជាម្ចាស់ គឺមានកងពលថ្មើរជើងចំនួនបួនសែននាក់ ប្រដាប់ដោយដាវ។
3. កូនចៅបេនយ៉ាមីនបានទទួលដំណឹងថា ប្រជាជនអ៊ីស្រាអែលលើកទ័ពមកដល់មីសប៉ាហើយ។ពេលនោះ ប្រជាជនអ៊ីស្រាអែលសួរទៅបុរសលេវីថា៖ «ចូរនិយាយប្រាប់យើងមើល តើឧក្រិដ្ឋកម្មនេះកើតឡើងយ៉ាងដូចម្ដេច»?
4. បុរសលេវីជាប្ដីរបស់ស្ត្រីដែលត្រូវគេសម្លាប់ ក៏ឆ្លើយថា៖ «ខ្ញុំ និងប្រពន្ធចុងខ្ញុំបានចូលទៅក្រុងគីបៀរ ជាទឹកដីរបស់ពួកបេនយ៉ាមីន ដើម្បីសម្រាកនៅពេលយប់។
5. យប់នោះ ស្រាប់តែពួកអ្នកក្រុងគីបៀរលើកគ្នាមកធ្វើបាបខ្ញុំ ដោយឡោមព័ទ្ធផ្ទះដែលខ្ញុំស្នាក់នៅ។ ពួកគេមានបំណងសម្លាប់ខ្ញុំ ប៉ុន្តែ នៅទីបំផុត ពួកគេបាននាំគ្នារំលោភប្រពន្ធចុងខ្ញុំ រហូតដល់នាងបាត់បង់ជីវិត។
6. ហេតុនេះហើយបានជាខ្ញុំយកសាកសពរបស់នាងកាប់ជាកំណាត់ៗ រួចផ្ញើទៅគ្រប់តំបន់ក្នុងទឹកដីអ៊ីស្រាអែល ដ្បិតពួកបេនយ៉ាមីនបានប្រព្រឹត្តអំពើយង់ឃ្នងមួយដ៏ថោកទាបបំផុតនៅស្រុកអ៊ីស្រាអែល។
7. ឥឡូវនេះ បងប្អូនទាំងអស់គ្នាដែលជាជនជាតិអ៊ីស្រាអែលអើយ សូមបងប្អូនពិភាក្សាគ្នានៅទីនេះ ហើយធ្វើការសម្រេចចិត្តចុះ!»។
8. ប្រជាជនទាំងមូលក៏ក្រោកឈរឡើង ស្រុះគ្នាដូចមនុស្សតែម្នាក់ ដោយពោលថា៖ «ក្នុងចំណោមពួកយើង គ្មាននរណាម្នាក់វិលត្រឡប់ទៅកាន់ទីលំនៅរបស់ខ្លួនវិញឡើយ ទោះបីអ្នកនោះរស់នៅក្នុងជំរំក្ដី ឬក្នុងផ្ទះក្ដី។