ចៅហ្វាយ 20:15-32 Khmer Standard Version (KHSV)

15. នៅ​ថ្ងៃ​នោះ ទាហាន​បេន‌យ៉ាមីន​ដែល​គេ​បាន​កេណ្ឌ​មក​ពី​ក្រុង​នានា ប្រដាប់​ដោយ​ដាវ មាន​ចំនួន​ពីរ​ម៉ឺន​ប្រាំ​មួយ​ពាន់​នាក់ ឥត​រាប់​ទាហាន​ដ៏​ជំនាញៗ​ចំនួន​ប្រាំ‌ពីរ​រយ​នាក់​ពី​ក្រុង​គីបៀរ​ទេ។

16. ក្នុង​ចំណោម​ពួក​គេ មាន​ទាហាន​ដ៏​ជំនាញៗ​ចំនួន​ប្រាំ‌ពីរ​រយ​នាក់ ដែល​ប្រើ​តែ​ដៃ​ឆ្វេង។ អ្នក​ទាំង​នោះ​អាច​ប្រើ​ដង្ហក់​ចោល​ដុំ​គ្រួស សូម្បី​តែ​សក់​មួយ​សរសៃ​ក៏​ចោល​ឥត​ខុស​ឡើយ។

17. រីឯ​ទាហាន​របស់​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ឯ​ទៀតៗ ក្រៅ​ពី​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន មាន​បួន​សែន​នាក់​ដែល​ប្រដាប់​ដោយ​ដាវ ហើយ​សុទ្ធ​តែ​ជា​អ្នក​ចំបាំង​ដ៏​ស្ទាត់​ជំនាញ។

18. ពេល​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ឡើង​ទៅ​បេត‌អែល ទូល​សួរ​ព្រះ‌ជាម្ចាស់​ថា៖ «ក្នុង​ចំណោម​ពួក​យើង តើ​កុល‌សម្ព័ន្ធ​ណា​ត្រូវ​ចេញ​ទៅ​វាយ​ពួក​បេន‌យ៉ាមីន​មុន​គេ?»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «កុល‌សម្ព័ន្ធ​យូដា​ត្រូវ​ចេញ​ទៅ​មុន​គេ»។

19. ជន‌ជាតិ​អ៊ីស្រា‌អែល​ក្រោក​ឡើង​ពី​ព្រលឹម នាំ​គ្នា​ទៅ​បោះ​ទ័ព​នៅ​ទល់​មុខ​នឹង​គីបៀរ។

20. បន្ទាប់​មក កង‌ទ័ព​អ៊ីស្រា‌អែល​ចូល​ទៅ​ប្រយុទ្ធ​នឹង​បេន‌យ៉ាមីន ដោយ​តំរៀប​ទ័ព​នៅ​មុខ​ក្រុង​គីបៀរ។

21. កូន​ចៅ​បេន‌យ៉ាមីន​ក៏​ចេញ​ពី​ក្រុង​គីបៀរ ហើយ​ក្នុង​ថ្ងៃ​នោះ ពួក​គេ​បាន​សម្លាប់​ទាហាន​អ៊ីស្រា‌អែល​នៅ​លើ​សមរ‌ភូមិ​អស់​ចំនួន​ពីរ​ម៉ឺន​ពីរ​ពាន់​នាក់។

22. ទាហាន​អ៊ីស្រា‌អែល​ក៏​បាន​ពង្រឹង​ទឹក​ចិត្ត​ឡើង​វិញ ហើយ​តំរៀប​ទ័ព​នៅ​លើ​សមរ‌ភូមិ​ដដែល។

23. បន្ទាប់​មក ប្រជា‌ជន​អ៊ីស្រា‌អែល​ក៏​ចេញ​ទៅ​យំ​សោក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​រហូត​ដល់​ល្ងាច ដោយ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​យើង​ខ្ញុំ​ត្រូវ​ប្រយុទ្ធ​នឹង​ពួក​បេន‌យ៉ាមីន ជា​បង‌ប្អូន​របស់​យើង​ខ្ញុំ​ទៀត​ឬ​ទេ?»។ ព្រះ‌អម្ចាស់​ឆ្លើយ​ថា៖ «ចូរ​ឡើង​ទៅ​វាយ​ពួក​គេ​ចុះ!»។

24. ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​វាយ​លុក​កូន​ចៅ​បេន‌យ៉ាមីន​សា​ជា​ថ្មី។

25. នៅ​ថ្ងៃ​ទី​ពីរ​នេះ កូន​ចៅ​បេន‌យ៉ាមីន​ចេញ​ពី​ក្រុង​គីបៀរ មក​វាយ​ពល​ទាហាន​អ៊ីស្រា‌អែល ហើយ​ប្រហារ​ជីវិត​ពួក​គេ​នៅ​លើ​សមរ‌ភូមិ​នោះ អស់​ចំនួន​មួយ​ម៉ឺន​ប្រាំ​បី​ពាន់​នាក់ ដែល​សុទ្ធ​តែ​ជា​ទាហាន​ប្រដាប់​ដោយ​ដាវ។

26. ដូច្នេះ ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​ឡើង​ទៅ​ឯ​បេត‌អែល អង្គុយ​យំ​សោក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ ថ្ងៃ​នោះ ពួក​គេ​បាន​តម​អាហារ​រហូត​ដល់​ល្ងាច។ ពួក​គេ​បាន​យក​សត្វ​មក​ថ្វាយ​ជា​តង្វាយ​ដុត*​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព*​ចំពោះ​ព្រះ‌អម្ចាស់។

27. ជន‌ជាតិ​អ៊ីស្រា‌អែល​ទូល​សួរ​ព្រះ‌អម្ចាស់ ដ្បិត​គ្រា​នោះ ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌ជាម្ចាស់​ស្ថិត​នៅ​បេត‌អែល

28. ហើយ​មាន​លោក​ភីនេ‌ហាស ជា​កូន​របស់​លោក​អេ‌ឡា‌សារ និង​ជា​ចៅ​របស់​លោក​អើរ៉ុន ជា​អ្នក​បម្រើ​ព្រះ‌អង្គ​នៅ​ទី​នោះ។ ជន‌ជាតិ​អ៊ីស្រា‌អែល​ទូល​សួរ​ព្រះ‌អម្ចាស់​ថា៖ «តើ​យើង​ខ្ញុំ​ត្រូវ​ទៅ​ប្រយុទ្ធ​ទល់​នឹង​ពួក​បេន‌យ៉ាមីន ជា​បង‌ប្អូន​របស់​យើង​ខ្ញុំ​ទៀត ឬ​យើង​ខ្ញុំ​ត្រូវ​នៅ​ស្ងៀម?»។ ព្រះ‌អម្ចាស់​ឆ្លើយ​តប​មក​វិញ​ថា៖ «ចូរ​ចេញ​ទៅ​ចុះ ស្អែក​យើង​នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ»។

29. ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​បង្កប់​ទ័ព​ឆ្មក់​នៅ​ជុំ‌វិញ​ក្រុង​គីបៀរ។

30. នៅ​ថ្ងៃ​ទី​បី ពួក​គេ​ចេញ​ទៅ​ប្រយុទ្ធ​នឹង​កូន​ចៅ​បេន‌យ៉ាមីន​ដោយ​តំរៀប​ទ័ព​នៅ​មុខ​ក្រុង​គីបៀរ ដូច​លើក​មុន​ដែរ។

31. ពេល​នោះ កូន​ចៅ​បេន‌យ៉ាមីន​ក៏​ចេញ​មក​ប្រយុទ្ធ​នឹង​ប្រជា‌ជន​អ៊ីស្រា‌អែល ហើយ​ទ័ព​អ៊ីស្រា‌អែល​បាន​នាំ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ក្រុង។ កង‌ទ័ព​បេន‌យ៉ាមីន​ប្រហារ​ជីវិត​ទាហាន​អ៊ីស្រា‌អែល ដូច​លើក​មុន​ដែរ គឺ​ពួក​គេ​សម្លាប់​ទាហាន​អ៊ីស្រា‌អែល​អស់​ចំនួន​សាម‌សិប​នាក់ ក្នុង​វាល​ស្រែ​ដែល​ស្ថិត​នៅ​តាម​ផ្លូវ​ទៅ​បេត‌អែល និង​តាម​ផ្លូវ​ទៅ​ក្រុង​គីបៀរ។

32. កូន​ចៅ​បេន‌យ៉ាមីន​ពោល​ថា៖ «មើល​ហ្ន៎! ពួក​វា​បាក់​ទ័ព​ដូច​គ្រា​មុន​ទៀត​ហើយ!»។ រីឯ​ជន‌ជាតិ​អ៊ីស្រា‌អែល​វិញ គេ​ពោល​ថា៖ «យើង​នាំ​គ្នា​រត់​ទៅ ដើម្បី​ទាក់‌ទាញ​ពួក​វា​ចេញ​ឲ្យ​ឆ្ងាយ​ពី​ក្រុង»។

ចៅហ្វាយ 20