10. យើងត្រូវជ្រើសរើសមនុស្សមួយភាគដប់ពីក្នុងកុលសម្ព័ន្ធទាំងប៉ុន្មាននៃជនជាតិអ៊ីស្រាអែល ដើម្បីឲ្យគេទទួលខុសត្រូវផ្នែកខាងរកស្បៀងអាហារសម្រាប់ពលទ័ព ដែលនឹងចេញទៅវាយពួកបេនយ៉ាមីននៅក្រុងគីបៀរ ដើម្បីដាក់ទណ្ឌកម្មដល់ពួកគេ ចំពោះអំពើដ៏ថោកទាប ដែលគេបានប្រព្រឹត្តនៅស្រុកអ៊ីស្រាអែល»។
11. ដូច្នេះ ប្រជាជនអ៊ីស្រាអែលទាំងមូលមានចិត្តគំនិតតែមួយ លើកគ្នាប្រឆាំងនឹងអ្នកក្រុងគីបៀរ។
12. កុលសម្ព័ន្ធទាំងឡាយនៃជនជាតិអ៊ីស្រាអែលបានចាត់អ្នកនាំសារឲ្យទៅគ្រប់អំបូរ ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន សួរថា៖ «ហេតុអ្វីបានជាមានអំពើឧក្រិដ្ឋបែបនេះកើតឡើង ក្នុងចំណោមអ្នករាល់គ្នា?
13. ឥឡូវនេះ ចូរប្រគល់ជនពាលទាំងនោះនៅគីបៀរមក យើងនឹងសម្លាប់ពួកគេ ដើម្បីបោសសម្អាតអំពើអាក្រក់ ចេញពីក្នុងចំណោមប្រជាជនអ៊ីស្រាអែល»។ ប៉ុន្តែ កូនចៅបេនយ៉ាមីនមិនព្រមស្ដាប់ជនជាតិអ៊ីស្រាអែល ជាបងប្អូនរបស់ខ្លួនឡើយ។
14. កូនចៅបេនយ៉ាមីនក៏ចេញពីក្រុងទាំងប៉ុន្មានរបស់ពួកគេ ហើយមកប្រមូលផ្ដុំគ្នានៅក្រុងគីបៀរ ដើម្បីប្រយុទ្ធតទល់នឹងជនជាតិអ៊ីស្រាអែល។
15. នៅថ្ងៃនោះ ទាហានបេនយ៉ាមីនដែលគេបានកេណ្ឌមកពីក្រុងនានា ប្រដាប់ដោយដាវ មានចំនួនពីរម៉ឺនប្រាំមួយពាន់នាក់ ឥតរាប់ទាហានដ៏ជំនាញៗចំនួនប្រាំពីររយនាក់ពីក្រុងគីបៀរទេ។
16. ក្នុងចំណោមពួកគេ មានទាហានដ៏ជំនាញៗចំនួនប្រាំពីររយនាក់ ដែលប្រើតែដៃឆ្វេង។ អ្នកទាំងនោះអាចប្រើដង្ហក់ចោលដុំគ្រួស សូម្បីតែសក់មួយសរសៃក៏ចោលឥតខុសឡើយ។
17. រីឯទាហានរបស់កុលសម្ព័ន្ធអ៊ីស្រាអែលឯទៀតៗ ក្រៅពីកុលសម្ព័ន្ធបេនយ៉ាមីន មានបួនសែននាក់ដែលប្រដាប់ដោយដាវ ហើយសុទ្ធតែជាអ្នកចំបាំងដ៏ស្ទាត់ជំនាញ។
18. ពេលនោះ ជនជាតិអ៊ីស្រាអែលនាំគ្នាឡើងទៅបេតអែល ទូលសួរព្រះជាម្ចាស់ថា៖ «ក្នុងចំណោមពួកយើង តើកុលសម្ព័ន្ធណាត្រូវចេញទៅវាយពួកបេនយ៉ាមីនមុនគេ?»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «កុលសម្ព័ន្ធយូដាត្រូវចេញទៅមុនគេ»។
19. ជនជាតិអ៊ីស្រាអែលក្រោកឡើងពីព្រលឹម នាំគ្នាទៅបោះទ័ពនៅទល់មុខនឹងគីបៀរ។
20. បន្ទាប់មក កងទ័ពអ៊ីស្រាអែលចូលទៅប្រយុទ្ធនឹងបេនយ៉ាមីន ដោយតំរៀបទ័ពនៅមុខក្រុងគីបៀរ។
21. កូនចៅបេនយ៉ាមីនក៏ចេញពីក្រុងគីបៀរ ហើយក្នុងថ្ងៃនោះ ពួកគេបានសម្លាប់ទាហានអ៊ីស្រាអែលនៅលើសមរភូមិអស់ចំនួនពីរម៉ឺនពីរពាន់នាក់។
22. ទាហានអ៊ីស្រាអែលក៏បានពង្រឹងទឹកចិត្តឡើងវិញ ហើយតំរៀបទ័ពនៅលើសមរភូមិដដែល។
23. បន្ទាប់មក ប្រជាជនអ៊ីស្រាអែលក៏ចេញទៅយំសោកនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់រហូតដល់ល្ងាច ដោយទូលសួរព្រះអង្គថា៖ «តើយើងខ្ញុំត្រូវប្រយុទ្ធនឹងពួកបេនយ៉ាមីន ជាបងប្អូនរបស់យើងខ្ញុំទៀតឬទេ?»។ ព្រះអម្ចាស់ឆ្លើយថា៖ «ចូរឡើងទៅវាយពួកគេចុះ!»។
24. ជនជាតិអ៊ីស្រាអែលក៏វាយលុកកូនចៅបេនយ៉ាមីនសាជាថ្មី។
25. នៅថ្ងៃទីពីរនេះ កូនចៅបេនយ៉ាមីនចេញពីក្រុងគីបៀរ មកវាយពលទាហានអ៊ីស្រាអែល ហើយប្រហារជីវិតពួកគេនៅលើសមរភូមិនោះ អស់ចំនួនមួយម៉ឺនប្រាំបីពាន់នាក់ ដែលសុទ្ធតែជាទាហានប្រដាប់ដោយដាវ។