4. នៅពេលឮទេវតារបស់ព្រះអម្ចាស់ពោលដូច្នេះ ជនជាតិអ៊ីស្រាអែលទាំងអស់ក៏នាំគ្នាទ្រហោយំ។
5. គេដាក់ឈ្មោះកន្លែងនោះថា បូគីម ហើយនាំគ្នាថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់។
6. លោកយ៉ូស្វេបានឲ្យប្រជាជនវិលត្រឡប់ទៅវិញ ជនជាតិអ៊ីស្រាអែលក៏នាំគ្នាទៅចាប់យកចំណែកទឹកដី ដែលជាមត៌ករបស់គេរៀងៗខ្លួន។
7. ពួកគេគោរពបម្រើព្រះអម្ចាស់ ក្នុងអំឡុងពេលដែលលោកយ៉ូស្វេមានជីវិតនៅឡើយ។ ក្រោយលោកទទួលមរណភាពផុតទៅ គេនៅតែគោរពបម្រើព្រះអង្គតទៅទៀត ក្នុងអំឡុងពេលដែលពួកចាស់ទុំនៅរស់នៅឡើយដែរ គឺចាស់ទុំដែលបានឃើញការអស្ចារ្យដ៏ឧត្ដុង្គឧត្ដម ដែលព្រះអម្ចាស់បានធ្វើចំពោះជនជាតិអ៊ីស្រាអែល។
8. លោកយ៉ូស្វេដែលជាកូនរបស់លោកនូន និងជាអ្នកបម្រើរបស់ព្រះអម្ចាស់ បានទទួលមរណភាព ក្នុងជន្មាយុមួយរយដប់ឆ្នាំ។
9. គេបានបញ្ចុះសពរបស់លោកនៅក្នុងទឹកដីដែលជាចំណែកមត៌ករបស់លោក នៅធីមណាត-ហេរេស ក្នុងតំបន់ភ្នំអេប្រាអ៊ីម ខាងជើងភ្នំអាកាស។
10. មនុស្សជំនាន់នោះក៏ទៅជួបជុំនឹងដូនតារបស់គេ ដែលចែកស្ថានទៅហើយ ហើយមានមនុស្សមួយជំនាន់ទៀតកើតមកតាមក្រោយ។ អ្នកទាំងនេះមិនបានស្គាល់ព្រះអម្ចាស់ ហើយក៏មិនស្គាល់ស្នាព្រះហស្ដ ដែលព្រះអង្គបានធ្វើចំពោះអ៊ីស្រាអែលដែរ។
11. ជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដោយនាំគ្នាគោរពបម្រើព្រះបាល។