14. ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងជនជាតិអ៊ីស្រាអែលយ៉ាងខ្លាំង ព្រះអង្គប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ពួកចោរព្រៃ ដែលប្លន់យកទ្រព្យសម្បត្តិពួកគេ ព្រះអង្គប្រគល់ពួកគេទៅឲ្យខ្មាំងសត្រូវនៅជុំវិញ យកទៅធ្វើជាទាសករ។ ពួកគេពុំអាចទប់ទល់នឹងខ្មាំងសត្រូវទៀតឡើយ។
15. រាល់ពេលដែលពួកគេចេញទៅច្បាំង ព្រះអម្ចាស់ធ្វើឲ្យពួកគេបរាជ័យជានិច្ច ដូចទ្រង់មានព្រះបន្ទូលព្រមានរួចស្រេចហើយ។ ដូច្នេះ ពួកគេកើតទុក្ខវេទនាយ៉ាងខ្លាំង។
16. គ្រានោះ ព្រះអម្ចាស់បានធ្វើឲ្យមានពួកចៅហ្វាយក្រោកឡើង រំដោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ចោរព្រៃ។
17. ប៉ុន្តែ ពួកគេមិនស្ដាប់បង្គាប់អស់លោកចៅហ្វាយ ជាអ្នកដឹកនាំរបស់ខ្លួនឡើយ ពួកគេនាំគ្នាក្បត់ព្រះជាម្ចាស់ទៅគោរពថ្វាយបង្គំព្រះដទៃ។ ពួកគេឆាប់ងាកចេញពីមាគ៌ារបស់បុព្វបុរស គឺពួកគេពុំបានប្រតិបត្តិតាមបទបញ្ជារបស់ព្រះអម្ចាស់ ដូចពួកបុព្វបុរសទេ។
18. ពេលព្រះអម្ចាស់តែងតាំងចៅហ្វាយណាម្នាក់ឲ្យដឹកនាំពួកគេ ព្រះអង្គគង់ជាមួយចៅហ្វាយនោះ ហើយរំដោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ក្នុងមួយជីវិតរបស់លោក ដ្បិតព្រះអម្ចាស់អាណិតមេត្តាពួកគេ នៅពេលឮពួកគេស្រែកថ្ងូរ ដោយខ្មាំងសត្រូវសង្កត់សង្កិន និងធ្វើបាប។
19. លុះចៅហ្វាយនោះទទួលមរណភាពផុតទៅ ពួកគេនាំគ្នាប្រព្រឹត្តអំពើអាក្រក់សាជាថ្មី លើសដូនតាទៅទៀត។ ពួកគេបែរទៅគោរពបម្រើ និងក្រាបថ្វាយបង្គំព្រះដទៃ គឺពួកគេពុំបានលះបង់អំពើអាក្រក់ និងចរិតរឹងចចេសរបស់ខ្លួនឡើយ។
20. ពេលនោះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងជនជាតិអ៊ីស្រាអែលយ៉ាងខ្លាំង ហើយមានព្រះបន្ទូលថា៖ «ប្រជាជាតិនេះបានផ្ដាច់សម្ពន្ធមេត្រីដែលយើងចងជាមួយបុព្វបុរសរបស់គេ ហើយមិនព្រមស្ដាប់បង្គាប់យើងទេ
21. ដូច្នេះ យើងក៏នឹងមិនបណ្ដេញប្រជាជាតិណាមួយ ក្នុងចំណោមប្រជាជាតិនានាដែលយ៉ូស្វេបន្សល់ទុក ក្រោយពេលគាត់ស្លាប់ទៅនោះដែរ។
22. យើងនឹងប្រើប្រជាជាតិទាំងនោះ ដើម្បីល្បងលមើលឲ្យដឹងថា តើអ៊ីស្រាអែលដើរតាមមាគ៌ារបស់យើង ដូចបុព្វបុរសរបស់គេឬយ៉ាងណា»។
23. ព្រះអម្ចាស់ទុកប្រជាជាតិទាំងឡាយ ដែលព្រះអង្គមិនបានប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់លោកយ៉ូស្វេ ឲ្យរស់នៅក្នុងស្រុកតទៅមុខទៀត គឺព្រះអង្គមិនប្រញាប់បណ្ដេញពួកគេចេញពីទឹកដីរបស់ខ្លួនឡើយ។