21. លោកតានាំពួកគេចូលទៅក្នុងផ្ទះ ហើយដាក់ស្មៅឲ្យសត្វលាស៊ីទៀតផង។ អ្នកដំណើរនាំគ្នាលាងជើង រួចក៏បរិភោគអាហារ និងផឹកស្រាជាមួយគ្នា។
22. ក្នុងពេលពួកគេកំពុងតែបរិភោគយ៉ាងសប្បាយ មានមនុស្សពាលក្នុងក្រុងនោះមកឡោមព័ទ្ធផ្ទះ ហើយគោះទ្វារខ្លាំងៗ ទាំងពោលទៅកាន់លោកតាម្ចាស់ផ្ទះថា៖ «ចូរនាំអ្នកដែលស្នាក់ក្នុងផ្ទះតាឯងចេញមក ដើម្បីឲ្យយើងរួមដំណេកជាមួយគេផង!»។
23. លោកតាម្ចាស់ផ្ទះក៏ចេញមក ហើយពោលទៅកាន់ជនពាលថា៖ «ទេ! បងប្អូនអើយ ខ្ញុំសូមអង្វរបងប្អូនមេត្តាកុំប្រព្រឹត្តអំពើអាក្រក់បែបនេះអី! សូមកុំប្រព្រឹត្តអំពើថោកទាបឲ្យសោះ ព្រោះបុរសនេះជាភ្ញៀវរបស់ខ្ញុំ។
24. មើល៍ខ្ញុំមានកូនស្រីនៅក្រមុំព្រហ្មចារីនៅឡើយ ហើយអ្នកនោះក៏មានប្រពន្ធចុងរបស់គាត់ មកជាមួយដែរ។ ខ្ញុំនឹងនាំពួកនាងចេញមក ហើយបងប្អូនអាចយកពួកនាងទៅប្រព្រឹត្តតាមអំពើចិត្តបងប្អូនចុះ តែសូមកុំប្រព្រឹត្តអំពើថោកទាបជាមួយបុរសនេះឡើយ»។
25. ប៉ុន្តែ ជនពាលទាំងនោះពុំបានស្ដាប់ពាក្យអង្វររបស់លោកតាទេ។ ដូច្នេះ បុរសលេវីក៏នាំប្រពន្ធចុងរបស់ខ្លួនចេញមកក្រៅ ប្រគល់ទៅឲ្យពួកវា។ ពួកវានាំគ្នារំលោភលើនាង ហើយធ្វើបាបនាងពេញមួយយប់ រហូតទាល់តែជិតភ្លឺ ទើបលែងនាងមកវិញ។
26. ពេលព្រលឹមស្រាងៗ ស្ត្រីនោះដើរមកដួលនៅមាត់ច្រកចូលផ្ទះលោកតា ដែលប្ដីនាងស្នាក់នៅ។ នាងនៅទីនោះ រហូតដល់ថ្ងៃរះ។
27. លុះព្រឹកឡើង ប្ដីរបស់នាងបើកទ្វារផ្ទះ ហើយចេញទៅក្រៅ ដើម្បីបន្តដំណើរទៅមុខទៀត។ គាត់ក៏ឃើញប្រពន្ធចុងរបស់គាត់ ដួលដេកនៅមាត់ច្រកចូលផ្ទះ ដោយដៃនាងទាំងពីរតោងមាត់របងផង។
28. គាត់ហៅនាងថា៖ «ក្រោកឡើង យើងទៅមុខទៀត!» ប៉ុន្តែ គ្មានចម្លើយតបមកវិញសោះ!។ បុរសនោះក៏លើកសាកសពនាងដាក់លើខ្នងលា ហើយវិលត្រឡប់ទៅផ្ទះគាត់វិញ។
29. លុះទៅដល់ផ្ទះហើយ គាត់ក៏យកកាំបិតមកកាប់សាកសពប្រពន្ធចុងគាត់ជាដប់ពីរកំណាត់ រួចផ្ញើកំណាត់នីមួយៗទៅឲ្យកុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រាអែល។
30. អស់អ្នកដែលបានឃើញបញ្ញើនេះ ក៏លាន់មាត់គ្រប់ៗគ្នាថា៖ «តាំងពីជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីបមក គេមិនដែលជួបប្រទះហេតុការណ៍បែបនេះឡើយ។ ដូច្នេះ ត្រូវតែពិនិត្យមើលការណ៍នេះឲ្យបានល្អិតល្អន់ ហើយពិភាក្សាគ្នាថា តើយើងគួរសម្រេចបែបណា?»។