11. ពេលពួកគេមកដល់ក្បែរក្រុងយេប៊ូសនោះ ថ្ងៃកាន់តែទាបណាស់ហើយ ក្មេងបម្រើក៏និយាយទៅកាន់ចៅហ្វាយថា៖ «យើងគួរតែឆៀងចូលទៅសម្រាកនៅក្រុងរបស់សាសន៍យេប៊ូសមួយយប់ទៅ»។
12. ចៅហ្វាយឆ្លើយឡើងថា៖ «ទេ! យើងមិនត្រូវចូលទៅក្រុងរបស់សាសន៍ដទៃ ដែលគ្មានជនជាតិអ៊ីស្រាអែលនោះឡើយ យើងទៅសម្រាកនៅក្រុងគីបៀរវិញ»។
13. គាត់ក៏បន្ថែមទៀតថា៖ «យើងត្រូវតែស្រូតដំណើរឲ្យដល់ក្រុងគីបៀរ ឬភូមិរ៉ាម៉ា ហើយនៅទីនោះយើងនឹងសម្រាកកន្លែងណាមួយក៏បាន»។
14. ពួកគេក៏បន្តដំណើរទៅទៀត។ លុះមកដល់ជិតក្រុងគីបៀរ ក្នុងទឹកដីរបស់កុលសម្ព័ន្ធបេនយ៉ាមីន ថ្ងៃបានលិចបាត់ទៅហើយ។
15. គេនាំគ្នាចូលទៅក្នុងក្រុងនោះ រកកន្លែងសម្រាក។ ពួកគេអង្គុយនៅតាមផ្លូវ ព្រោះគ្មាននរណាម្នាក់មកអញ្ជើញពួកគេឲ្យទៅសម្រាកនៅផ្ទះរបស់ខ្លួនឡើយ។
16. ល្ងាចនោះ មានលោកតាម្នាក់វិលត្រឡប់មកពីចម្ការវិញ គាត់មានដើមកំណើតនៅតំបន់ភ្នំអេប្រាអ៊ីម ហើយមករស់នៅក្រុងគីបៀរ ដែលមានសុទ្ធតែមនុស្សពីកុលសម្ព័ន្ធបេនយ៉ាមីន។
17. ពេលគាត់ក្រឡេកទៅ ឃើញអ្នកដំណើរអង្គុយនៅតាមផ្លូវដូច្នេះ លោកតាសួរថា៖ «តើអ្នកអញ្ជើញមកពីណាទៅណាដែរ?»។
18. បុរសលេវីក៏តបថា៖ «យើងខ្ញុំមកពីភូមិបេថ្លេហិម ក្នុងស្រុកយូដា ហើយធ្វើដំណើរទៅស្រុកខ្ញុំ នៅប៉ែកខាងចុងតំបន់ភ្នំអេប្រាអ៊ីម។ ខ្ញុំបានធ្វើដំណើរទៅភូមិបេថ្លេហិម ឥឡូវនេះ ខ្ញុំវិលទៅផ្ទះខ្ញុំដែលជាដំណាក់របស់ព្រះអម្ចាស់វិញ។ ប៉ុន្តែ ក្នុងក្រុងនេះ គ្មាននរណាម្នាក់ទទួលខ្ញុំឲ្យស្នាក់នៅផ្ទះរបស់គេទេ។
19. យើងខ្ញុំមានចំបើង និងស្មៅសម្រាប់សត្វលា ព្រមទាំងនំប៉័ង និងស្រាទំពាំងបាយជូរសម្រាប់ខ្លួនខ្ញុំផ្ទាល់ ប្រពន្ធខ្ញុំ និងអ្នកបម្រើរបស់ខ្ញុំទៀតផង គឺយើងខ្ញុំពុំត្រូវការអ្វីសោះឡើយ»។
20. លោកតាក៏ពោលទៅគាត់ថា៖ «ខ្ញុំសូមទទួលស្វាគមន៍អ្នក នៅផ្ទះរបស់ខ្ញុំ ហើយខ្ញុំនឹងផ្ដល់ឲ្យអ្នកនូវអ្វីៗដែលអ្នកត្រូវការ ដូច្នេះ មិនត្រូវសម្រាកនៅតាមផ្លូវបែបនេះទេ!»។