1. នៅគ្រានោះ ស្រុកអ៊ីស្រាអែលគ្មានស្ដេចសោយរាជ្យទេ។ មានបុរសម្នាក់ក្នុងកុលសម្ព័ន្ធលេវី រស់នៅប៉ែកខាងចុងតំបន់ភ្នំអេប្រាអ៊ីម។ គាត់បានយកស្ត្រីម្នាក់ពីភូមិបេថ្លេហិម ក្នុងស្រុកយូដា មកធ្វើជាប្រពន្ធចុង។
2. ប៉ុន្តែ នាងបានក្បត់ចិត្តប្ដី ហើយចាកចេញពីប្ដីត្រឡប់ទៅនៅផ្ទះរបស់ឪពុកនាង នៅភូមិបេថ្លេហិម ក្នុងស្រុកយូដាវិញ។ នាងស្នាក់នៅទីនោះអស់រយៈពេលបួនខែ។
3. ប្ដីរបស់នាងបានធ្វើដំណើរទៅតាម ក្នុងគោលបំណងលួងលោមនាងឲ្យត្រឡប់មកវិញ។ គាត់បាននាំក្មេងបម្រើ និងសត្វលាពីរទៅជាមួយផង។ ស្ត្រីនោះអញ្ជើញប្ដីចូលទៅក្នុងផ្ទះរបស់ឪពុកនាង កាលឪពុកឃើញប្ដីរបស់នាង គាត់ក៏ទទួលដោយអំណរ។
4. ឪពុកក្មេកបានឃាត់កូនប្រសា ឲ្យនៅផ្ទះរបស់គាត់ចំនួនបីថ្ងៃ។ បុរសនោះបរិភោគអាហារ និងស្រា ព្រមទាំងសម្រាន្ដនៅទីនោះ។
5. នៅថ្ងៃទីបួន គេនាំគ្នាក្រោកតាំងពីព្រលឹម។ ពេលបុរសលេវីហៀបនឹងចេញដំណើរ ឪពុកក្មេកនិយាយទៅកាន់កូនប្រសាថា៖ «ចូរកូនបរិភោគសិនទៅ ដើម្បីឲ្យមានកម្លាំង រួចសឹមធ្វើដំណើរទៅចុះ»។
6. ដូច្នេះ អ្នកទាំងពីរក៏អង្គុយបរិភោគអាហារ និងផឹកស្រាជាមួយគ្នា។ បន្ទាប់មក ឪពុកក្មេកនិយាយទៅកាន់កូនប្រសាថា៖ «សុំកូនសម្រាកលេងនៅទីនេះមួយយប់ទៀតសិនទៅ»។