9. ពួកគេតបវិញថា៖ «មក! ចូរយើងលើកទ័ពទៅវាយយកស្រុកឡាអ៊ីស ព្រោះយើងបានពិនិត្យឃើញថាជាទឹកដីល្អបំផុត។ ដូច្នេះ មិនត្រូវបង្អែបង្អង់ឡើយ ចូរប្រញាប់ចេញទៅវាយដណ្ដើមយកទឹកដីនោះ។
10. ពេលណាអ្នករាល់គ្នាទៅដល់ អ្នករាល់គ្នានឹងឃើញប្រជាជនមួយក្រុមរស់នៅដោយឥតបារម្ភអ្វីឡើយ។ ទឹកដីនោះធំទូលាយណាស់ ជាទឹកដីដ៏សម្បូណ៌សប្បាយ ឥតខ្វះអ្វីឡើយ ព្រះជាម្ចាស់បានប្រគល់មកអ្នករាល់គ្នាហើយ»។
11. ដូច្នេះ មនុស្សប្រាំមួយរយនាក់នៃកុលសម្ព័ន្ធដាន់ក៏នាំគ្នាប្រដាប់អាវុធចាកចេញពីក្រុងសូរ៉ាស់ និងក្រុងអែសថោល។
12. ពួកគេទៅបោះទ័ពនៅខាងលិចគារីយ៉ាត-យារីម ក្នុងស្រុកយូដា។ ហេតុនេះហើយបានជាគេហៅទីនោះថា “ជំរំដាន់” រហូតដល់សព្វថ្ងៃ។
13. ពីទីនោះ ពួកគេឡើងទៅតំបន់ភ្នំអេប្រាអ៊ីមរហូតដល់ផ្ទះលោកមីកា។
14. ពេលនោះ បុរសទាំងប្រាំនាក់ដែលបានមកស៊ើបការណ៍នៅទឹកដីឡាអ៊ីស និយាយទៅកាន់បងប្អូនរបស់ខ្លួនថា៖ «បងប្អូនដឹងទេ ក្នុងចំណោមផ្ទះទាំងនេះ មានផ្ទះមួយដែលមានរូបបដិមា និងរូបចម្លាក់ជាច្រើន ព្រមទាំងរូបព្រះមួយ និងរូបសំណាកមួយទៀតធ្វើពីប្រាក់។ ដូច្នេះ បងប្អូនដឹងហើយថា ត្រូវធ្វើយ៉ាងណា»។