5. ពួកគេពោលថា៖ «បើដូច្នេះ សូមទូលសួរព្រះជាម្ចាស់មើល ដ្បិតយើងចង់ដឹងថា ដំណើរដែលយើងបានផ្ដើមធ្វើនេះនឹងទទួលលទ្ធផលយ៉ាងណា?»។
6. បូជាចារ្យឆ្លើយទៅពួកគេថា៖ «កុំភ័យបារម្ភអី! ព្រះអម្ចាស់គង់ជាមួយអស់លោក ក្នុងដំណើររបស់អស់លោកហើយ»។
7. អ្នកទាំងប្រាំក៏បន្តដំណើរទៅមុខទៀត រហូតដល់ក្រុងឡាអ៊ីស។ នៅទីនោះ ពួកគេឃើញប្រជាជនរស់នៅ ដោយឥតបារម្ភអ្វីឡើយ គឺគេរស់នៅយ៉ាងសុខសាន្ត និងស្ងប់ស្ងៀម ដូចអ្នកស្រុកស៊ីដូន។ គ្មាននគរជិតខាងណាមករករឿង ហើយក៏គ្មាននរណាមកជិះជាន់សង្កត់សង្កិនដែរ។ ប៉ុន្តែ ប្រជាជននោះរស់នៅឆ្ងាយពីអ្នកស្រុកស៊ីដូន ហើយគ្មានទំនាក់ទំនងជាមួយអ្នកផ្សេងទេ។
8. អ្នកទាំងប្រាំត្រឡប់ទៅសូរ៉ាស់ និងអែសថោលវិញ ហើយបងប្អូនរបស់គេសាកសួរថា ដំណើររបស់គេបានផលអ្វីខ្លះ។
9. ពួកគេតបវិញថា៖ «មក! ចូរយើងលើកទ័ពទៅវាយយកស្រុកឡាអ៊ីស ព្រោះយើងបានពិនិត្យឃើញថាជាទឹកដីល្អបំផុត។ ដូច្នេះ មិនត្រូវបង្អែបង្អង់ឡើយ ចូរប្រញាប់ចេញទៅវាយដណ្ដើមយកទឹកដីនោះ។
10. ពេលណាអ្នករាល់គ្នាទៅដល់ អ្នករាល់គ្នានឹងឃើញប្រជាជនមួយក្រុមរស់នៅដោយឥតបារម្ភអ្វីឡើយ។ ទឹកដីនោះធំទូលាយណាស់ ជាទឹកដីដ៏សម្បូណ៌សប្បាយ ឥតខ្វះអ្វីឡើយ ព្រះជាម្ចាស់បានប្រគល់មកអ្នករាល់គ្នាហើយ»។
11. ដូច្នេះ មនុស្សប្រាំមួយរយនាក់នៃកុលសម្ព័ន្ធដាន់ក៏នាំគ្នាប្រដាប់អាវុធចាកចេញពីក្រុងសូរ៉ាស់ និងក្រុងអែសថោល។
12. ពួកគេទៅបោះទ័ពនៅខាងលិចគារីយ៉ាត-យារីម ក្នុងស្រុកយូដា។ ហេតុនេះហើយបានជាគេហៅទីនោះថា “ជំរំដាន់” រហូតដល់សព្វថ្ងៃ។