18. ដោយឃើញអ្នកទាំងប្រាំចូលទៅក្នុងផ្ទះលោកមីកា យករូបព្រះ រូបបដិមា រូបចម្លាក់ផ្សេងៗ និងរូបសំណាកធ្វើពីប្រាក់ដូច្នេះ បូជាចារ្យក៏សួរទៅពួកគេថា៖ «តើអ្នករាល់គ្នាធ្វើអ្វីហ្នឹង?»។
19. ពួកគេឆ្លើយទៅគាត់វិញថា៖ «នៅឲ្យស្ងៀម កុំមាត់កអី! ចូរទៅជាមួយយើង ធ្វើជាបូជាចារ្យគ្រប់គ្រងលើពួកយើង! ចូរគិតមើល៍ តើលោកគួរធ្វើជាបូជាចារ្យសម្រាប់គ្រួសាររបស់មនុស្សតែម្នាក់ ឬក៏ធ្វើជាបូជាចារ្យសម្រាប់ពូជអំបូរមួយក្នុងកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល?»។
20. បូជាចារ្យមានចិត្តត្រេកអរជាខ្លាំងចំពោះសំណូមពរនេះ គាត់យករូបបដិមា រូបចម្លាក់ផ្សេងៗ និងរូបព្រះ រួចចូលទៅក្នុងចំណោមកងទ័ព។
21. ពួកគេបន្តដំណើរទៅមុខទៀត ដោយឲ្យក្មេងៗ ហ្វូងសត្វ និងទ្រព្យសម្បត្តិរបស់គេទៅមុន។
22. លុះពួកគេចាកចេញពីផ្ទះលោកមីកាទៅបានឆ្ងាយបន្តិច ទើបលោកមីកា និងអ្នកជិតខាងប្រមូលគ្នាដេញតាម។
23. ពេលនោះ ពួកលោកមីកាស្រែកហៅកូនចៅដាន់ ពួកគេក៏បែរក្រោយ ហើយសួរលោកមីកាថា៖ «តើមានការអី បានជាប្រមូលគ្នាមកដូច្នេះ?»។
24. លោកមីកាឆ្លើយទៅពួកគេថា៖ «អ្នករាល់គ្នាលួចយកព្រះទាំងឡាយដែលខ្ញុំបានធ្វើ ថែមទាំងនាំបូជាចារ្យរបស់ខ្ញុំមកផង គឺគ្មានទុកអ្វីឲ្យនៅសល់សោះ ហើយអ្នករាល់គ្នាហ៊ានសួរខ្ញុំថាមានការអ្វីទៀតឬ?»។
25. កូនចៅដាន់នាំគ្នាតបទៅគាត់វិញថា៖ «កុំមកតវ៉ាជាមួយយើង ក្រែងលោមានគ្នាយើងខ្លះក្ដៅក្រហាយ ហើយវាយប្រហារអ្នក ធ្វើឲ្យអ្នក និងក្រុមគ្រួសារអ្នកត្រូវវិនាស»។
26. បន្ទាប់មក ពួកគេក៏បន្តដំណើរទៅមុខទៀត។ ដោយលោកមីកាឃើញថាពួកគេខ្លាំងពូកែជាង នោះគាត់ក៏បកក្រោយ វិលត្រឡប់ទៅផ្ទះវិញ។